ភ្នំពេញ៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន អន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ។ នេះបើតាមការAKP ផ្សាយនាថ្ងៃ២៣ មីនា ។

ការទៅដល់នេះក៏មានការអញ្ជើញទទួល ស្វាគមន៍ពីលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។

ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ៕



