SEA GAME

ពិធីដង្ហែភ្លើងគប់ កីឡាស៊ីហ្គេម ចេញេពីក្រុងតាហ្គាតៃ ហ្វីលីពីន

" "

ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនាព្រឹកថ្ងៃទី២៧ មីនា បានដង្ហែចេញពីទីក្រុងតាហ្គាតៃ ប្រទេសហ្វីលីពីន ។ នេះជាប្រទេសទី២(ទី១-វៀតណាម)ហើយដែលលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានដឹកនាំមកដល់ក្រុងតាហ្គាតៃ។ នេះបើតាមការចេញផ្សាយរបស់ នាយកដ្ឋានព័ត៌មាននៃទូរទស្សន៍ជាតិ ។

ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើងក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ប្រព្រឹត្តទៅក្រោមរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ ចំពោះការដង្ហែតាមបណ្ដា ប្រទេសសមាជិកទាំង១០ បានធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់ចូលកម្ពុជាវិញ។

" "

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២៣ ពោលគឺចំពេលប្រារព្ធពិធី បើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង។

" "

ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយដែលជានិមិត្តរូប តំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ លើសពីនេះ ព្រះអគ្គិជ័យកីឡាដែលដង្ហែ គ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ” ៕

To Top