SEA GAME

សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាមិនឱ្យមានការលក់សំបុត្រ ចូលទស្សនាពិធីបើក និងបិទស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈ មិនឱ្យមានការលក់សំបុត្រ យកលុយដាច់ខាត ចំពោះការចូល ទស្សនាពិធីបើក និងពិធីបិទស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។​

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «មុននេះបន្តិច ខ្ញុំបានទទួលព័ត៌មានតាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ថា មានការផ្សព្វផ្សាយទាក់ទងទៅនឹងការលក់សំបុត្រចូលទស្សនាពិធីបើក និងពិធីបិទស៊ីហ្គេម»។

សម្តេចបញ្ជាក់ថា «ករណីនេះទាមទារឲ្យខ្ញុំព្រះករុណាខ្ញុំ ចេញសារជាបន្ទាន់ ដើម្បីជម្រាបជូនទៅអ្នកទទួលខុសត្រូវទាំងឡាយ ទាក់ទងនឹងការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះ »។
សម្តេចក៏បានបញ្ជាក់ថា «យើងបានចំណាយប្រាក់ទាំងមូលដ្ឋានបច្ចេកទេស និងជំនួយពីមិត្តចិនសម្រាប់ការកសាងមូលដ្ឋាន នៃការប្រកួត ព្រមទាំងចំណាយធនធានជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត រាប់រយលានដុល្លារ និងចំណាយពេលជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាង នៃការប្រកួត។ ដូច្នេះខ្ញុំមិនយល់ព្រមដាច់ខាត ឲ្យមានការលក់សំបុត្រទាំងពិធីបើក បិទ និងការប្រកួតកីឡាផ្សេងៗក្នុងរយៈពេលការប្រកួតស៊ីហ្គេម »។

សម្តេចបានបញ្ជាក់បន្ថែមថា «ខ្ញុំមិនយល់ព្រមដាច់ខាត ជាមួយនឹងការធ្វើបែបនេះ ដោយឮតាមការផ្សព្វផ្សាយ តាមគេហទំព័រផ្នែកកីឡា ដែលមិនមានការអនុញ្ញាតណាមួយពីសម្តេចពិជ័យសេនា ទៀ បាញ់ និងកាន់តែគ្មានការអនុញ្ញាតពីខ្លួនខ្ញុំ ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះខ្ញុំសូមដាក់ចេញបទបញ្ជា ទីមួយ មិនឲ្យមានការលក់សំបុត្រទាំងចូលពិធីបើក និងពិធីបិទស៊ីហ្គេម ។ ទីពីរ សូមបងប្អូនចូលទស្សនាដោយសេរីគ្មានការបង់ប្រាក់ និងទីបី ចំពោះការប្រកួតគ្រប់វិញ្ញាសានានា ក៏មិនត្រូវបានបង់ថ្លៃណាមួយនោះឡើយ »។

សម្តេចក៏បានបញ្ជាក់ទៀតថា ក្រុមអ្នកទទួល បើធ្វើខុសពីបទបញ្ជា គឺត្រូវទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រី និងចំពោះមុខច្បាប់ ។ សម្តេចក៏បានបន្ថែមថា «យើងបានធ្វើច្រើនហើយ សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ ធ្វើបុណ្យមួយរយសំពៅ ទោសមួយចូលទៅរលាយបាត់អស់ សូមចាំពាក្យនេះ ដោយយើងបានចាយលុយរាប់រយលានដុល្លារ តើយើងប្រមូលលុយតាមរយៈការលក់សំបុត្រឲ្យជនជាតិឯង តើបានប៉ុន្មានទៅ? អ្នកទាំងអស់គ្នា ចង់បានលុយសូមមកទទួលលុយពីខ្ញុំ ខ្ញុំទទួលខុសត្រូវ ដោយខ្ញុំមិននឹកស្មានថាមន្ត្រីរបស់យើងមួយចំនួនខ្វះការគិតគូរទៅលើបញ្ហានេះ ដែលនេះជាការស្ដីបន្ទោសលើកដំបូងរបស់ខ្ញុំតាំងពីស៊ីហ្គេមបានរៀបចំមកដល់ពេលនេះ ដែលនេះមិនមែនជាកំហុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នោះឡើយ តែខ្ញុំនឹងខិតខំរកថា តើអ្នកណាទទួលខុសត្រូវលើបញ្ហាការផ្សព្វផ្សាយ ពីការលក់សំបុត្រទាំងចូលទស្សនា និង ពិធីបើកពិធីបិទ ដែរនេះ មិនមែនជាបញ្ហាលេងសើចនោះទេ ជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាជនរបស់ខ្លួន ដែលយើងរង់ចាំរយៈពេល ជាច្រើនឆ្នាំ និងចំណាយថវិកា ពេលវេលាយ៉ាងច្រើនដើម្បីចេញជារូបរាង នូវការប្រកួតដ៏អស្ចារ្យមួយនេះ»។​

ជាមួយគ្នានោះដែរសម្តេចបានអះអាងថា ទម្រាំអាចធ្វើជាម្ចាស់ស៊ីហ្គេមនេះ​កម្ពុជា ​បានគឺរង់ចាំអស់រយៈពេល៤៤ឆ្នាំមកហើយ៕

To Top