ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ឬ NagaWorld Kind Hearts ជាផ្នែកការងារ របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលសហការជាមួយ Beyond The Games (BTG) បានរៀបចំទិវាគ្រួសារ ក្នុងខេត្តកំពង់ស្ពឺ ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា នៅកីឡដ្ឋានកំពង់ស្ពឺ ដែលទើបនឹងសម្ពោធថ្មីៗ ។ គោលបំណង នៃទិវានេះ មានគោលបំណងជួយផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជា នឹងរៀបចំឡើងលើកដំបូង ក្នុងខែឧសភា ឆ្នាំ២០២៣ ផ្តល់ជូននូវសកម្មភាពសប្បាយៗ និងល្បែងកម្សាន្តបែបអប់រំពាក់ព័ន្ធ នឹងការអភិរក្សបរិស្ថាន និងកីឡាដ៏សម្បូរបែប ។
ទិវាគ្រួសារដ៏សប្បាយរីករាយនេះ ត្រូវបានចូលរួមជាភ្ញៀវកិត្តិយសដោយលោក សរ សុពុត្រា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ និងជាអភិបាលរងខេត្តកំពង់ស្ពឺ លោក ទឹម ផានូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងច្បារមន និងជាអភិបាល នៃគណៈអភិបាលក្រុងច្បារមន មន្ត្រីតំណាងមកពីយុទ្ធនាការ Beyond The Games បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងក្លិបបាល់ទាត់ណាហ្គាវើលដ៍។ មានអ្នកចូលរួមប្រមាណ ១.៥០០ នាក់បានចូលរួមក្នុងទិវាគ្រួសារដែលរួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ក្នុងទិវានេះ ក៏មានបុគ្គលិកណាហ្គាវើលដ៍ជាង ៣០ នាក់ បានចំណាយពេលវេលាផ្ទាល់ខ្លួនស្ម័គ្រចិត្ត ដើម្បីជួយរៀបចំស្តង់ សម្របសម្រួលការលេងហ្គេម របស់អ្នកចូលរួម និងបង្កើនទំនាក់ទំនង ជាមួយអ្នកចូលរួមផងដែរ ។
កីឡដ្ឋានកំពង់ស្ពឺ ដែលទើបនឹងសម្ពោធថ្មីៗនេះ ត្រូវបានកសាងឡើងស្របតាមស្តង់ដារអន្តរជាតិ និងអាចផ្ទុកអ្នកទស្សនាបាន ៣.០០០ នាក់។ កីឡដ្ឋាននេះក៏ជាកីឡដ្ឋានក្នុងទឹកដី របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ផងដែរ។ សម្រាប់ទិវាគ្រួសារនេះ កីឡដ្ឋាននេះត្រូវបានបែងចែកជា ៣ ផ្នែកដែលសាធារណជនអាចលេងល្បែង កម្សាន្តជាច្រើនប្រភេទ។ នៅផ្នែកស្តង់ណាហ្គាវើលដ៍បេះដូងសប្បុរស មានហ្គេមអប់រំបែបបរិស្ថាន ពាក់ព័ន្ធនឹងការ កែច្នៃឡើងវិញ និងការបែងចែក សំរាមឱ្យបានត្រឹមត្រូវ ។ សកម្មភាពមួយទៀត គឺអ្នកចូលរួមអាចឧបត្ថម្ភកូនឈើ ដើម្បីក្រុមការងារ សង្គមណាហ្គាវើលដ៍ បេះដូងសប្បុរសយកទៅដាំ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង ។ កូនឈើសរុប ប្រមាណ ១១០ ដើមត្រូវបានឧបត្ថម្ភ នៅចុងបញ្ចប់នៃទិវាគ្រួសារ ហើយដើមឈើទាំងនេះនឹងត្រូវយកដាំ ដោយមានដាក់ឈ្មោះអ្នកឧបត្ថម្ភទៀតផង ។ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានដាក់តាំងបង្ហាញ សកម្មភាព ៩ ឆ្នាំចុងក្រោយ និងពានរង្វាន់ Stevie ដ៏មានកិត្យានុភាពដែលពួកគេបានឈ្នះ រួមទាំងពានរង្វាន់ Stevie មាសប្រចាំប្រទេសកម្ពុជា តែមួយគត់ដែលពួកគេទទួលបានក្នុងឆ្នាំ២០២១ ផងដែរ។ ពានរង្វាន់ Stevie ត្រូវបានចាត់ទុកថាជាពានរង្វាន់ Oscar ក្នុងវិស័យធុរកិច្ច ដែលទទួលស្គាល់សកម្មភាពសង្គមឆ្នើមលក្ខណៈអន្តរជាតិ ។ អ្នកចូលរួមជាច្រើនក៏បានថតរូប ជាមួយពានរង្វាន់ Stevie ដ៏ធំនេះទុកជាអនុស្សាវរីយ៍ផងដែរ ។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “យើងមានកិត្តិយស ដែលបានសហការ ជាមួយ Beyond The Games រៀបចំទិវាគ្រួសារដើម្បីអបអរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា ។ ខ្ញុំពិតជារំភើបរីករាយ ចំពោះវត្តមានដ៏ច្រើនកុះករ របស់អ្នកចូលរួម ហើយសង្ឃឹមថា អ្នកចូលរួម នឹងទទួលបានចំណេះដឹង និងព័ត៌មានថ្មីៗដែលបង្ហាញអំពីការចេះសាមគ្គីគ្នា និងលើកស្ទួយកិត្តិសព្ទប្រទេសកម្ពុជា បង្ហាញដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅតាមសហគមន៍” ។
គួរបញ្ជាក់ថា យុទ្ធនាការ Beyond The Games ត្រូវបានបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលទទួលខុសត្រូវការ លើកស្ទួយ និងចែករំលែកព័ត៌មានអំពីការធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណី របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងទិវាគ្រួសារនេះ មានល្បែងកម្សាន្តសប្បាយៗ និងហ្គេមដែលបង្កប់ន័យអប់រំ ជាច្រើន ដូចជា ហ្គេមពាក់ព័ន្ធនឹងបរិស្ថាន ការស៊ុតបាល់បញ្ចូលទី ការត្រែះបាល់ ជាដើមដែលអ្នកឈ្នះទទួល បានរង្វាន់ផងដែរ ។ អ្នកចូលរួម ក៏បានជួយបត់ក្រដាសរាងបេះដូងដើម្បីជួយ BTG ឱ្យទទួលបានក្រដាសរាងបេះដូងចំនួន ១ លានដើម្បីបំបែកឯតទគ្គកម្ម ហ្គីណេសពិភពលោកផងដែរ ។
គ្រូបង្គោល នៃក្លិបបាល់ទាត់ណាហ្គាវើលដ៍លោក ឃឹម បូរី ខ្សែប្រយុទ្ធឆ្នើមលោក គួច សុកុម្ភៈ និងកីឡាករជាច្រើនទៀត ក៏មានវត្តមាននៅទីនោះដើម្បីជួប ស្វាគមន៍ និងលេងហ្គេមបាល់ទាត់ ដូចជា ស៊ុតបាល់បញ្ចូលទី ត្រែបាល់ និងទាត់ដោយសេរីជាមួយអ្នកគាំទ្រផងដែរ ។ អ្នកឈ្នះពីការលេងហ្គេម ទទួលបានអាវ និងវត្ថុអនុស្សាវរីយ៍ជាច្រើន ពីក្លិបបាល់ទាត់ណាហ្គាវើលដ៍ ៕