SEA GAME

មីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង ៤០០នាក់ មកចូលរួមកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា ប្រទេសមីយ៉ាន់ម៉ា នឹងបញ្ជូនអត្តពលិកជាង៤០០នាក់ ដើម្បីមកចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា (ស៊ីហ្គេម) លើកទី៣២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមក្រសួងកីឡា និងកិច្ចការយុវជនរបស់ប្រទេសនេះ ឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

លោក U Htay Aung ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងកីឡា និងកិច្ចការយុវជន បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ថា “គ្រូបង្វឹក និងអត្តពលិកជាង៤៦០នាក់ នៅទូទាំង ១៩ប្រភេទកីឡា នឹងត្រូវបញ្ជូនទៅចូលរួមស៊ីហ្គេម ។

លោកបានឲ្យដឹងទៀតថា នៅក្នុងចំណោមអ្នកចូលរួម ប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ មានអត្តពលិកជាង ៣០០នាក់ កំពុងហ្វឹកហាត់នៅទីក្រុង ណៃពិដោរ ខណៈជាង ១០០នាក់ទៀតនៅរ៉ងហ្គូន ។

គួររំលឹកថា កាលពីឆ្នាំ២០២២ អត្តពលិករបស់មីយ៉ាន់ម៉ា បានចូលរួមប្រកួតក្នុងកីឡាចំនួន ១៨ប្រភេទ នៅស៊ីហ្គេមលើកទី៣១ នៅក្នុងប្រទេសវៀតណាម ដោយដណ្តើមបានមេដាយមាស៩ ប្រាក់១៨ និងមេដាយសំរឹទ្ធ៣៥ ។

សម្រាប់ស៊ីហ្គេមលើកទី៣២នេះ គ្រោងនឹងរៀបចំនៅក្នុងខែឧសភា ឆ្នាំ២០២៣ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top