SEA GAME

សម្ដេចតេជោ ណែនាំរដ្ឋបាលរាជធានី-ខេត្ត ទទួលការប្រកួតកីឡាស៊ីហ្គេម ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ដែល​ត្រូវ​ទទួលការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់ នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលវេលារបស់ម្ចាស់ផ្ទះ ក្នុងដំណាក់កាលចុងក្រោយនេះ ចាំបាច់ត្រូវការកម្លាំងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ តួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ដូច្នេះដើម្បីឲ្យមានប្រសិទ្ធភាពលើការងារចុងក្រោយនេះ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងការងារ និងសុខដុមរម្យនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឲ្យមានប្រសិទ្ធភាព។

សម្ដេចតេជោ បន្ដថា គណៈកម្មាធិការជាតិរៀបចំការប្រកួតប្រើប្រាស់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដូចនេះក្នុង ដំណាក់កាលចុងក្រោយនេះ បើមានករណីចាំបាច់បន្ទាន់ អនុញ្ញាតឲ្យដោះស្រាយចំណាយមុន ទើបរៀបចំសក្ខីបត្រទូទាត់ក្រោយ។

សម្ដេចតេជោ បញ្ជាក់ថា «រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ»។

លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការនិងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មា ធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគេជ័យ។ សម្ដេច ថា សហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី៕

To Top