ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានអំពាវនាវដល់កងទ័ពទាំងអស់ បន្តចូលរួមកាន់តែសកម្មបន្ថែមទៀត ជាមួយក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយធ្វើជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ទៀ បាញ់ បានថ្លែងថា កម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ ចំពោះការធ្វើជាម្ចាស់ផ្ទះនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដូច្នេះត្រូវតែរួមគ្នាធ្វើកិច្ចការនេះប្រកបដោយភាពរលូន និងត្រូវតែ ធ្វើការតុបតែងរៀបចំឲ្យបានល្អឲ្យសមជាម្ចាស់ផ្ទះ ដែលនឹងត្រូវធ្វើការទទួលភ្ញៀវនោះ។
សម្តេចបន្ដថា រហូតមកដល់ពេលនេះនៅសល់តែ១៥ ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងនៅសល់តែ៤៤ថ្ងៃទៀត ដល់ថ្ងៃ រៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
សម្ដេច គូសបញ្ជាក់ថា «ស្នើប្រធានស្ថាប័ន មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ចូលរួមគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍ខាងលើនេះ តាមរយៈការរៀបចំតាក់តែង ធ្វើអនាម័យអង្គភាព កន្លែងធ្វើការ ផ្ទះសម្បែងឲ្យ មានបរិស្ថានស្អាត ផាសុខភាព មានភាពញញឹម រាក់ទាក់ ទប់ស្កាត់ការប្រព្រឹត្តគ្រឿងញៀន និងអនុវត្តតាម ពាក្យ ស្លោក ប្រជាជនម្នាក់ លេងកីឡាមួយមុខ និងកីឡារស់ក្នុងសន្តិភាព”។
សូមរំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅប្រទេសកម្ពុជា ហើយប្រកួតកីឡានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប៕