ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 (CAMSOC) បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលបានមេដាយ មរតកកីឡាអូឡាំពិក ដែលប្រគល់ដោយគណៈកម្មាធិការអន្តរជាតិ(IOC) នៅក្នុងឱកាសពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើង នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីសន្និសីទកាសែត ដើម្បីជម្រាបជូនសារព័ត៌មានជាតិ និងអន្តរជាតិ បានយល់ជ្រួតជ្រាប ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងារ ត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ដែល ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ តនេះ។
លោកអនុប្រធានអចិន្ត្រៃយ៍ បានបន្ថែមទៀតថា លោក Thomas Bach ដែលជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកអន្តរជាតិ បានបញ្ជូនមន្រ្តីតំណាង លោក មកប្រទេសកម្ពុជា ដើម្បីទស្សនាពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ព្រមទាំងប្រគល់មេដាយ ជូនសម្ដេចតេជោ ហ៊ុន សែនទៀតផង ៕