SEA GAME

សម្តេចតេជោ សុំការយោគយល់ និងស្នើឲ្យឈប់រិះគន់ចំពោះការចែកសំបុត្រចូលទស្សនាបាល់ទាត់

ភ្នំពេញ៖ ខណៈក្រុមកីឡាការិនីកម្ពុជាប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមសិង្ហបុរី នារាត្រីថ្ងៃ៣ ឧសភាដោយកម្ពុជាទទួលជ័យជំនៈ៤ទល់០សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឯណេះវិញ បានផ្ញើសារសុំការយោគយល់ និងស្នើសុំឲ្យបញ្ឈប់ការរិះគន់ពាក់ព័ន្ធទៅនឹងការចែកសំបុត្រចូលទស្សនាបាល់ទាត់ ។

មុនការប្រកួតបាល់ទាត់មួយថ្ងៃមុនមានការចែកសំបុត្រនៅតាមទីតាំងមួយចំនួនក្នុងក្រុងភ្នំពេញ ប៉ុន្តែការចែក នេះក៏មិនខុសពីការប្រកួត២វគ្គលើកមុនឡើយ ពោលនៅតែមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមធ្វើការរិះគន់ជាហូរហែរថា ធ្វើឡើងពុំមានរបៀបរៀបរយត្រឹមត្រូវឡើយ ។ ចំពោះការរិះគន់លើការចែកសំបុត្រនេះដែរ កាលពីថ្ងៃ២ ឧសភា ក៏មានបណ្តាញសារព័ត៌មានវៀតណាមផ្សាយថា ការមានការលក់សំបុត្រឲ្យជនជាតិវៀតណាមតាមផ្លូវងងឹកក្នុងតម្លៃ៦ដុល្លារផងដែរ ប៉ុន្តែក្រោយរិះគន់បែបនេះ សម្តេចនាយករដ្ឋមន្រ្តីចាត់ ទុកថា គឺជារឿងអយុត្តិធម៌សម្រាប់គណៈកម្មការរៀបចំដែលខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍នេះដែលកម្ពុជាចំណាយជាង១០០លានដុល្លារ។

តាមរយៈសារជាសំឡេងក្បែរ១០នាទីនារាត្រីនេះ សម្តេចតេជោ បានលើកឡើងថា ត្រូវទទួលស្គាល់ពីសមត្ថភាពនៃការផ្ទុកមនុស្សចូលទស្សនាបាល់ទាត់ដែលមិនអាចគ្រប់គ្រង់បាន។ ជាក់ស្តែងសម្រាប់ពហុកីឡាដ្ឋានអូឡាំពិកអាចផ្ទុកអ្នកចូលទស្សនាបានត្រឹមតែ៣ទៅ៤ម៉ឺននាក់ ខណៈដែលអ្នកចង់ចូលទស្សនាពី៣០ម៉ឺនទៅ៥០ម៉ឺននាក់។ ដោយឡែកកីឡាដ្ឋានជាតិមរតកតេជោអាចផ្ទុកមនុស្សបានត្រឹមតែ៦ម៉ឺនទៅ៧ម៉ឺននាក់ ប៉ុន្តែមានអ្នកចង់ចូលទស្សនាជាងកន្លះលាននាក់។

ករណីនេះសម្តេចគូសបញ្ជាក់ថា «សុំការអព្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រលាញ់ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន។ ដោយសារតែស្តាតយើងស្តាតចាស់អាចទទួលបានត្រឹម៣,៤ម៉ឺននាក់ក្នុងពេលដែលមនុស្សដែលចង់ចូលមើល៣០ម៉ឺននាក់ទៅ៥០ម៉ឺននាក់ឯណោះ។ ស្តាតថ្មីដែលនឹងត្រូវធ្វើពិធីបើកនិងពិធីបិទដាក់ត្រឹមចំណុះ៦ម៉ឺនទៅ៧ម៉ឺននាក់ ក៏ប៉ុន្តែមនុស្សមើលគឺឈានទៅដល់កម្រិតអ្នកដែលចង់ចូលកន្លះលាននាក់»។

សម្តេចបានលើកឡើងថា សម្រាប់អ្នកដែលបានសំបុត្រចូលទស្សនាពិតជាមានការសប្បាយរីករាយ ដោយឡែកអ្នកដែលមិនបានសំបុត្រចូលទស្សនាពិតជាមិនមានភាពសប្បាយ ហើយនាំគ្នាធ្វើការរិះគន់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៅលើគណៈកម្មការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ។

បន្ថែមពីលើនេះ សម្តេចថា វាគ្មានជម្រើសអ្វីថ្មីនោះទេដោយសារតែទីធ្លានៃការរៀបចំគឺមានតែទំហំកំណត់។

សម្រាប់ដំណោះស្រាយសម្តេចតេជោបញ្ជាលោក ឃួង ស្រេង អភិបាលរាជធានីខេត្តបានរៀបចំបញ្ចាំងស្លាយដើម្បីបម្រើឲ្យអ្នកទស្សនារាប់ម៉ឺននាក់នៅទូទាំងប្រទេសដោយមិនត្រឹមតែធ្វើនៅតាមខេត្តនោះទេ គឺបានរៀបចំនៅតាមស្រុក ឃុំ ភូមិ និងទីអារាមនានាដែលប្រជាជនសប្បាយរីករាយ។

សម្តេចតេជោបញ្ជាក់ថា «ខ្ញុំព្រះករុណា ខ្ញុំសុំចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធផលដោះស្រាយនោះទេ។ អ្នកដែលទទួលបានគឺសប្បាយចិត្ត អ្នកដែលមិនបានទទួលមិនសប្បាយចិត្តហើយរឿងនេះវាមិនបានកើតតែនៅក្នុងប្រទេសកម្ពុជានោះទេ វាកើតស្ទើរតែគ្រប់ប្រទេស»។

សម្តេចបន្តថា ចំណែកប្រទេសគេ លក់សំបុត្រអ្នកខ្លះទិញបានសប្បាយចិត្ត។ អ្នកខ្លះមិនអាចទិញសំបុត្រមិនសប្បាយចិត្ត ប៉ុន្តែកម្ពុជាមិនមានលទ្ធភាពបន្ថែមចំនួនឲ្យលើសពីចំណុះដែលត្រូវបានកំណត់ជាស្តង់ដារសម្រាប់ការចូលរួមដើម្បីបញ្ជៀសនូវហានិភ័យគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕

To Top