ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងផ្តល់ប្រាក់លើកទឹកចិត្ត ១លានរៀលដល់កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ។ ការប្រគល់នេះ នឹងធ្វើឡើងនាថ្ងៃ១០ ឧសភា ស្អែកនេះ នាទីស្តីការក្រសួងព័ត៌មានតែម្តង ។ នេះបើតាមហ្វេសប៊ុក លោក គឹម គុណវឌ្ឍ អ្នកកាសែតជើងចាស់ និងជាមនុស្សជំនិត របស់លោក ខៀវ កាញារីទ្ធ បង្ហោះផ្សាយមុននេះ បន្តិចក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន។
ការប្រកាសផ្តល់ប្រាក់លើកទឹកចិត្តដល់កញ្ញា ប៊ូ សំណាង ក្រោយកញ្ញាបានប្រឹងប្រែង រត់ក្រោមតំណក់ទឹកភ្លៀងទោះជារត់ក្រោយគេ មិនបានទទួលមេដាយក៏ដោយ តែកញ្ញាបានប្រឹងប្រែងអស់ កំលាំងកាយចិត្តក្នុងការ រត់ឲ្យដល់គោលដៅ ។
នាថ្ងៃនេះដែរ រូបភាពអម ដោយទឹកភ្នែក លាយឡំដោយតំណក់ទឹកភ្លៀងរបស់កីឡាការិនី ប៊ូ សំណាងជាសន្លឹក ហាក់បានអន្ទងចិត្តពលរដ្ឋ ជាពិសេសអ្នកតាមដានវិស័យកីឡាបានកោតសរសើរ ពីទឹកចិត្តកីឡាដ៏មោះមុត របស់កញ្ញាជាខ្លាំង ៕