SEA GAME

គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សម្រេចបោះពុម្ពសារជាថ្មី នូវបណ្ណចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣

កន្លងមក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ពិធីបើកជាផ្លូវការ បានប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ-អន្តរជាតិ និងមហាជន យ៉ាងច្រើនលើសលប់។

ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស រក្សាបាននូវកន្លែងអង្គុយ សមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បាន សម្រេចបោះពុម្ពសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន ដោយក្តីអនុគ្រោះ ។

To Top