SEA GAME

សម្ដេចតេជោ ៖ អ្នកខ្លះស្រក់ទឹកភ្នែក ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ ព្រឹត្តិការណ៍ដែលស៊ីហ្គេមដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្រោយរង់ចាំអស់ជាង៦០ឆ្នាំ បាន ក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តមួយ សម្រាប់កម្ពុជាផងដែរ ជាពិសេសថ្ងៃបើកព្រឹត្តិការណ៍នេះ បានទទួលការកោតសរសើរ យ៉ាងក្លាវក្លាពីមហាជនទាំងក្រុង និងក្រៅប្រទេស ចំពោះទស្សនីយភាពដ៏ល្អឯក ។

សម្រាប់ព្រឹត្តិការណ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចាត់ទុកថា មិនមែនជាកម្មសិទ្ធិផ្តាច់ មុខរបស់សម្ដេចរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឡើយ គឺជាសមិទ្ធផលរបស់ប្រជាជាតិខ្មែរទាំងមូល ខណៈមានអ្នកខ្លះស្រក់ទឹកភ្នែកចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃ១៥ ឧសភា សម្ដេចតេជោថ្លែងថា មាន មនុស្សប្រហែលជា៨០ភាគរយ បានក្តុកក្តួលនៅពេលឃើញព្រឹត្តិការណ៍បើកស៊ីហ្គេម នាពេលកន្លងទៅ។

សម្ដេចគូសបញ្ជាក់ថា «អ្នកខ្លះស្រក់ទឹកភ្នែក ប៉ុន្ដែមិនមែនស្រក់ទឹកភ្នែក ដោយសារគេធ្វើបាបទេ ស្រក់ទឹកភ្នែកដោយសារមោទភាពជាតិ ។ នេះមិនមែនរបស់ ហ៊ុន សែន ហើយក៏មិនមែនរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជន តែគឺជារបស់មនុស្សទាំងអស់»។

សម្ដេចបន្ដថា គណបក្សនយោបាយខ្លះ មិនហ៊ានស្វាគមន៍ ចំពោះព្រឹត្តិការណ៍ស៊ីហ្គេមទេ ខ្លាចបានពន្ទុ មកលើគណបក្ស ប្រជាជន។ សម្ដេចថា ព្រឹត្តិការណ៍ស៊ីហ្គេមបានធ្វើឲ្យសម្តេច រំជួលចិត្ត មិននឹកស្មានកម្ពុជាមានថ្ងៃនេះផងដែរ ។

សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ ចំណាយថវិកាជាង១១៨លានដុល្លារ ព្រោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាកាតព្វកិច្ចរបស់រដ្ឋ ជាសមាជិកអាស៊ាន។

សម្ដេចបញ្ជាក់ទៀតថា «អ្នកខ្លះគេស្រែកពីក្រៅថា មិនយកលុយនេះ មិនទៅយកលើស្អីផ្សេងទេ ម៉េចក៏ធ្វើស៊ីហ្គេម ពេលដែលយើងមិនធ្វើគេថា យើងហ្នឹងគឺអន់ ដល់តែយើងធ្វើគេថា យើងគឺយកលុយចាយខ្ជះខ្ជាយ រាប់ទាំងមិនយកលុយពីបរទេស ប៉ុន្តែខ្ញុំក៏គួរតែបញ្ជាក់ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចរបស់រដ្ឋសមាជិកអាស៊ាន»៕

To Top