SEA GAME

ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ យ៉ាងត្រចះត្រចង់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ជាម្ចាស់ផ្ទះបានមកដល់ទីបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដោយក្ដីសប្បាយរីករាយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា បានចាប់ផ្ដើមការប្រកួត នៅថ្ងៃទី២៩ មេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥​ឧសភា​ ក្រោយកម្ពុជា រង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃនេះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានមកដល់ទីបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ ក្ដីសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម និងសម្រែកអបអរសាទរ បានបង្កើតមនោសចេតនាដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា»។

សម្ដេចតេជោ បន្ដថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន។ លើសពីនេះ សម្ដេច ក៏បានថ្លែងអំណរគុណដល់អត្តពលិកទាំងអស់ អរគុណប្រតិភូកីឡាគ្រប់ប្រទេសក្នុងតំបន់អាស៊ានដែលបានបញ្ជូនប្រតិភូកីឡាករកីឡាការនីមកចូលរួមក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងការធ្វើសមាហរណកម្មប្រទេសនៅក្នុងតំបន់។

សូមរំលឹកថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម៕

To Top