SEA GAME

ព្រឹត្តិការណ៍ស៊ីហ្គេម‌! សម្ដេចតេជោ អះអាងថា លុយចាយអស់ តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិ ចាយមិនអស់ឡើយ

ភ្នំពេញ៖បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាបានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកឡើងថា លុយអាចចាយអស់ ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិ គឺចាយមិនអស់ឡើយ។នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង ១ពាន់នាក់ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់កម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។

សម្ដេច គូសបញ្ជាក់ថា «លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិចាយអត់អស់ទេ។ សូមជម្រាបថា ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣»។

សម្ដេច ក៏បានលើកឡើងពីការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះ ជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជាទៅថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសកម្ពុជា បានចាប់ផ្ដើមការប្រកួត នៅថ្ងៃទី២៩ មេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើង នៅថ្ងៃទី៥ ឧសភា និងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៧ ខែឧសភា បន្ទាប់ពីកម្ពុជាបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕

To Top