ភ្នំពេញ ៖ ខណៈអត្តពលិក បាននិងកំពុងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព នៅលើទីលានប្រកួត ដើម្បីនាំយកកិត្តិយសជូនជាតិ ពួកគាត់ពិត ជាត្រូវការការគាំទ្រ និងជំរុញទឹកចិត្ត ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។ ជាក់ស្តែងក្នុងដំណើរការប្រកួត រយៈពេលជាច្រើនថ្ងៃមកនេះ ថ្នាក់ដឹកនាំជាច្រើនរូប បានមានវត្តមានដោយផ្ទាល់ នៅតាមទីតាំងប្រកួតនីមួយៗ ដើម្បីផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្ត ដល់អត្តពលិកកម្ពុជា។

វត្តមានរបស់ប្រធានប្រតិភូកីឡា ជាន់ខ្ពស់របស់កម្ពុជា បានបង្ហាញកាយវិការ នៃការសាទរ និងផ្ដល់ការលើកទឹកចិត្ត ដល់អត្តពលិកគ្រប់រូបយ៉ាងកក់ក្ដៅ។ ក្រៅពីវត្តមានសម្តេច ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ទាំងស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាការចាប់តាំងពីដំ ណើរការប្រកួតថ្ងៃទី១មក សារធារណជន បានផ្តោតការចាប់អារម្មណ៍ទៅលើលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡា តែងបានបង្ហាញវត្តមាន នៅទីតាំងប្រកួតជារៀងរាល់ថ្ងៃ ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់អត្តពលិក រួមទាំងការផ្ដល់កិត្តិយស បំពាក់មេដាយ ជូនដល់អត្តពលិកកម្ពុជា និងអត្តពលិក នៃបណ្ដាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះផងដែរ ។

ជាក់ស្ដែង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បើទោះបីជាមមាញឹកនឹងការងារច្រើនយ៉ាងណា ក៏ដោយ ក៏លោក ហ៊ុន ម៉ានី បានអញ្ជើញទស្សនា ការប្រកួតរបស់អត្តពលិកបណ្ដើរ និងធ្វើការបណ្ដើរ រួមជាមួយនឹងស្នាមញញឹម នៅលើមុខជានិច្ច មិនថាកម្ពុជាទទួលបានលទ្ធផល បែបណាក៏ដោយ។ «ក្នុងនាមជាអ្នកដែលគាំទ្រ ពួកគាត់ ទោះបីជាលទ្ធផលបែបណាក៏ដោយ ក៏នៅតែគាំទ្រ» ។ នេះជាប្រសាសន៍របស់លោកហ៊ុន ម៉ានី ដែលបញ្ជាក់ពីទំហំទឹកចិត្ត នៃការគាំទ្រយ៉ាងពិតប្រាកដ។

តាមរយៈរូបភាពនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ថ្នាក់ដឹកនាំបានផ្ដល់ការយកចិត្តទុកដាក់ខ្លាំង ចំពោះអត្តពលិកពិការ របស់កម្ពុជាគ្រប់កាលៈទេសៈមិនថា លទ្ធផលឈ្នះ ឬចាញ់ ដូចអ្វីដែលលោកតែងបានលើកឡើងថា «ពេលឈ្នះ យើងនៅជាមួយគាត់ តែពេលគាត់ចាញ់ យើងចាំបាច់ត្រូវតែនៅជាមួយគាត់»។

ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នាឱកាសនេះ ពិតជាបានផ្តល់ឱកាសពេញលេញ សម្រាប់អត្តពលិកគ្រប់ៗរូប ចូលរួមបង្ហាញស្មារតីតស៊ូ ប្រកួតប្រជែងដើម្បីភាពជោគជ័យ លើសពីពិការភាពរបស់ខ្លួន ។

សូមជម្រាបថា ថ្ងៃទី៨មិថុនានេះ គឺជាថ្ងៃចុងក្រោយ នៃការប្រកួត មុននឹងឈានចូលកម្មវិធី «បិទ»ជាផ្លូវការនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាថ្ងៃទី៩ មិថុនាស្អែកនេះ ដោយកម្ពុជាបានឡើង ទៅឈរលេខ៨បន្ទាប់ពីបានឈ្នះមេដាយសរុបចំនួន៦៤ ក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៩ និងសំរិទ្ធ៣៦ ដោយគិតត្រឹមម៉ោង៧និង៣៦នាទី ថ្ងៃ៨ មិថុនា ។ នេះជាលទ្ធផលល្អបំផុត ក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាធ្លាប់ធ្វើបានក្នុងអាស៊ាន ប៉ារ៉ាហ្គេមចំនួន១០លើកកន្លងមក ដោយការប្រកួតចុងក្រោយ នៅឆ្នាំ២០២២នៅ ឥណ្ឌូណេស៊ី កម្ពុជារកបានមេដាយសរុប២៨គ្រឿង គឺមាស៧ ប្រាក់១០ និងសំរិទ្ធ១១ ៕





