ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនាទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC/CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រគល់ប្រាក់រង្វាន់ ដល់គ្រូបង្វឹក គ្រូជំនួយកីឡាករ កីឡាការិនី ដែលដណ្ដើមបានមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។
សម្រាប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី០៥ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមអត្តពលិកជាតិកម្ពុជា ដណ្ដើមបានមេដាយ សរុប ២៨២គ្រឿង ក្នុងនោះមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿងនិងសំរឹទ្ធ ១២៧គ្រឿង ឈរចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោម ១១ប្រទេស ។
ចំណែកការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ចាប់ពីថ្ងៃទី០៣ដល់០៩ខែមិថុនា ឆ្នាំ២០២៣ ក្រុមអត្តពលិក ជនពិការកម្ពុជា ដណ្ដើមមេដាយ សរុប៧១គ្រឿង មាស៩គ្រឿងប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៤គ្រឿង ឈរចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងចំណោម១១ប្រទេសចូលរួម ។
ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹកគ្រូជំនួយ និងកីឡាករកីឡាការិនី ជ័យលាភីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់សរុបចំនួន ២៧,៣០៣,៦០០,០០០រៀល ស្មើនឹងប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក ។
មានគ្រូបង្វឹក គ្រូជំនួយ និង អត្តពលិកជ័យលាភីសរុប ៥៩៨នាក់ ប៉ុន្ដែមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនី កូនខ្មែរ នៅក្រៅប្រទេសចំនួន ៨៦នាក់ ដែលបានចាកចេញពីកម្ពុជា ត្រូវបានបើកប្រាក់រង្វាន់ ជូនមុនស្មើនឹងទឹកប្រាក់៣,៩៣៥,០០០រៀល កាលពីពេលកន្លងរួចហើយ ។
លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC/CAMAPGOC បានបញ្ជាក់ថា ដោយទទួលបានការ យកចិត្ដទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលគឺបានចេញអនុក្រឹត្យ ផ្ដល់ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដោយមេដាយមាស ទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ខណៈគ្រូបង្វឹក ទទួលបានដូចកីឡាករ ដែលបានមេដាយខ្ពស់បំផុត របស់ខ្លួន និងគ្រូជំនួយក៏ទទួលបាន ៧០ភាគរយ នៃគ្រូបង្វឹកទៀតផង ៕