ភ្នំពេញ ៖ លោក ផេង ចន្នា អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត រួមទាំងថ្នាក់ដឹកនាំ និងកីឡាករ បានចុះសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង ដែលមានទីតាំងក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះដែរ លោក ផេង ចន្នា បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់នូវសិទ្ធិរស់រៀន មានជីវិត សិទ្ធបានចូលរៀន សិទ្ធទទួលការពារដោយច្បាប់ ដូច្នេះក្មួយៗត្រូវយក ចិត្តទុកដាក់ស្តាប់ តាមការណែនាំលោកអុំ លោកពូ អ្នកមីង បងៗ ដែលជាអ្នកគ្រប់គ្រងមណ្ឌល ពិសេសគឺគោលការណ៍ ឬវិន័យផ្សេងៗរបស់មណ្ឌល ។ ជាងនេះទៅទៀតប្អូនៗត្រូវខិតខំរៀនសូត្រ ស្តាប់ការណែនាំ ពីសំណាក់លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សានុសិស្ស ជាទំពាំងស្នង ឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ជាពិសេសត្រូវ ចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា» ។
ជាចុងបញ្ចប់ កម្មវិធីប្រគល់អំណោយសប្បុរសធម៌ គ្រួសារអាស៊ី អឺរ៉ុប នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ រួមមាន៖
ប្អូនៗចំនួន ៥០នាក់ (១៤នាក់ មកពីសហគមន៍ក្រីក្រ) ម្នាក់ៗទទួលបាន៖
១- កាបូបស្ពាយ ១
២- សៀវភៅសរសេរ ៥ក្បាល – ប៊ិកខៀវ ២ដើម – ប៊ិកក្រហម ១ដើម – ខ្មៅដៃ ២ដើម – ប្រដាប់ខួងខ្មៅដៃ ១ – បន្ទាត់ ២ – ជ័រលុប ១ – ប្រអប់ដាក់ប៊ិក ១
៣- នំប៉័ងបាយ័ន ១ដើម – ទឹកផ្លែឈើ ១កំប៉ុង – ទឹកសុទ្ធ ១ដប
៤- ថវិកា ៥,០០០រៀល
-ជូនលោកអ៊ំ ចាស់ជរាថវិកា ១០០,០០០រៀល និងកាបូបធំ ១
-បុគ្គលិក ៨នាក់ ក្នុងម្នាក់ថវិកា ៥០,០០០រៀល
-ជូនមណ្ឌលកុមារកំព្រា អង្ករ ២បាវ (១០០គីឡូ) មីម៉ាម៉ា ៥កេះ និងថវិកា ១០០,០០០រៀល
- តុ ដាក់ក៊ំព្យូទ័រ ចំនួន ៦តុ ។












