កីឡា

គ្រូស្វាយរៀង ជឿជាក់កូនក្រុមអាចធ្វើបាន ដើម្បីប្រជែងពាន Hun Sen Cup ល្ងាចនេះ

Adtag for Mobile Pull2:-

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ បានមកដល់ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដែលជាការជួបគ្នា រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ។ ជាមួយការប្រកួតដ៏សំខាន់នេះ លោក Conor Nestor បានបង្ហាញការជឿជាក់ថា កូនក្រុមខ្លួននឹងអាចធ្វើបាន ដើម្បីលើកពានមួយទៀត បន្ទាប់ពីពួកគេទើបលើកពានលីគកាលពីថ្មីៗ ។

គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងខាងលើ បានបញ្ជាក់ថា ទោះបីក្រុមខ្លួនទើបរកសម្ពាធដោយសារការចាញ់លើកដំបូង ក្នុងរដូវកាលឆ្នាំ២០១៩ ក្រោមថ្វីជើងក្រុមណាហ្គាវើលដ៏ កាលពីសប្ដាហ៍មុនក្ដី តែពេលនេះក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីប្រកួតជាមួយបឹង កេត ។ លោករំពឹងថា កីឡាករម្នាក់ៗ នឹងមានការប្ដេជ្ញាចិត្ត និងមានការជឿជាក់លើខ្លួនឯង ដើម្បីសម្រេចផែនការបន្ទាប់របស់ខ្លួន គឺការដណ្ដើមពាន Hun Sen Cup ឲ្យបាន ។

យ៉ាងណាមិញគ្រូបង្វឹកជនជាតិអៀកឡង់ដដែល នៅតែបង្ហាញការគោរព ចំពោះក្រុមបឹងកេត ព្រោះលោកទទួលស្គាល់ក្រុមនេះ គឺជាសម្បូរដោយធនធានកីឡាករល្អ ជាក់ស្ដែងដូចជាកីឡាករ ចាន់ វឌ្ឍនាកា ដែលជាខ្សែប្រយុទ្ធដ៏សំខាន់ ហើយតែងរកបានគ្រាប់បាល់ស្ទើរគ្រប់ការប្រកួត ។ ហេតុនេះលោកត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជានិច្ចគ្រប់ការប្រកួតទាំងអស់ ។ ហើយលោកក៏សង្ឃឹមថា ការប្រកួតនេះ នឹងបញ្ចប់ដោយភាពជក់ចិត្តផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន RSN នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែវិច្ឆិកានេះ ។ ចំពោះសំបុត្រចូលទស្សនា បានបែងចែកជា ២ប្រភេទ គឺតម្លៃ ៥,០០០រៀល និង ៣,០០០រៀល ។ លើសពីនេះក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ៕

To Top