កីឡា

ព្រឹត្តិការណ៍ ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 នឹងមានក្រុមម៉ូតូធំជាង១ពាន់គ្រឿង ចូលរួម

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដែលប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាប់ផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខា នឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៩នាពេលខាងមុខនេះ លោក​ ​អ៊ុំ​ ​ប៊ុ​នរ៉េ​ត​ ​ប្រធាន​ក្លិប​ ​BMW​ ​Motorcycle​ ​Club​ ​Cambodia​ និងជាអ្នករៀបចំព្រឹត្តិការណ៍ ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ​បាន​ថ្លែងឱ្យ​ដឹង​ថា ​នឹងមានក្រុម​ម៉ូតូធំ​ក្នុង​ស្រុក​ទាំងអស់​ ​ជាមួយនឹង​ក្រុម Motorcycle Club មក​ពី​ប្រទេសជិតខាង​នានា​ ​ចូលរួមជាង១ពាន់គ្រឿង ក្នុងនោះ​រួមមាន​ ​ក្រុម​ម៉ូតូ​មក​ពី​ប្រទេស​ថៃ​ ​វៀតណាម​ ​ឡាវ​ ​ ​ម៉ា​ឡេស៊ី​ ​និង​ប្រទេស​ចិន​ ជាដើម​។​

លោក​ ​អ៊ុំ​ ​ប៊ុ​នរ៉េ​ត​ ​ប្រធាន​ក្លិប​ ​BMW​ ​Motorcycle​ ​Club​ ​Cambodia​ បានឲ្យដឹងក្នុងឱកាសរៀបចំដង្ហែរក្បួនក្រុមប្រណាំងម៉ូតូ Motorrad Angkor Festival 2019 នាមហាស្របកោះពេជ្រ នៅសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះថា ការរៀបចំដង្ហែរក្បួននេះឡើងគឺដើម្បីគ្រើនរំលឹកដល់ក្រុមសមាជិក ទាំងអស់ ត្រៀមលក្ខណៈឲ្យបានរួចរាល់ ខណៈព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ខិតជិតមកដល់។

លោកបានបញ្ជាក់ថា ​”តាមការប្រមើលមានក្រុមប្រណាំងម៉ូតូចូលរួម ប្រមាណជាង១ពាន់គ្រឿង ហើយមកដល់ថ្ងៃនេះមានការបញ្ជាក់ពីក្រុម Motorcycle Club បរទេសក្នុងតំបន់អាស៊ាន ក្នុងនោះរួមមានប្រទេសថៃ មាន២៥០គ្រឿង ,ប្រទេសវៀន១០០គ្រឿង ,ប្រទេសម៉ាឡេស៊ី ៣៥គ្រឿង ,ប្រទេសឡាវ២០គ្រឿង ហើយក៏មានការចូលរួមពី ក្រុមប្រណាំងម៉ូតូប្រទេស ចិនផងដែរ និងមានការចូលរួម ជាបន្តបន្ទាប់ទៀត”។

​លោកបន្ថែមថា គោលដៅ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ ​គឺ​ ​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​យានយន្ត​ ​ជាពិសេស​ម៉ូតូ​គ្រប់​ប្រភេទ​ ​ដែល​បាន​បង្កើត​ជា​ក្រុម​ចុះបញ្ជី​ឈ្មោះ​ក្រោម​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ក្តី​ ​មិនទាន់​បាន​ចុះឈ្មោះ​ក្តី​ ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ ​សិល​ធម៌​ក្នុង​ការប្រើ​ប្រាស់​ផ្លូវថ្នល់​ ​និង​ការចែក​រំលែក​បទពិសោធន៍​បច្ចេកទេស​រវាង​អ្នកចូលចិត្ត​ម៉ូតូ​ធំ​ជាដើម​។​ ​ជាពិសេស​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​លើកស្ទួយ​វិស័យ​សណ្ឋាគារ​ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​កម្ពុជា​ ​ទៅកាន់​ប្រទេស​នានា​ក្នុង​តំបន់​ ​ក៏ដូចជា​ក្នុង​សកលលោក៕​

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top