ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បញ្ចេញសារអបអរសាទរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោក លើកទី៤ បន្ទាប់ ពីកីឡាការិនីរូបនេះទទួលជ័យជម្នះ លើកកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ។
សម្តេចតេជោ ហ៊ុន សែនបានបញ្ចេញសារលើបណ្តាញសង្គម facebookថា កម្ពុជាអបអរសាទរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោក លើកទី៤៖ សូមអបអរសាទរ វីរកីឡាការិនី កែ ឡេង ដែលបានការពារមេដាយមាស ពិភពលោកជាលើកទី៣ ដោយបានផ្ដួលកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួត កីឡាប៉េតង់ជើងឯក ពិភពលោកយុវជន និងស្ដ្រី លើកទី១៧ លើវិញ្ញាសាវាយយកពិន្ទុ(Shooting) នារសៀល ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។នេះជាកិត្តិយស និងជាមោទនភាពជាតិ ដែលវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោក ជាលើកទី ៤ ជាប់ៗគ្នា ខណៈមិនទាន់មានកីឡាការិនីប្រទេសណាអាចធ្វើបានដូចកម្ពុជាឡើយ។
ចំពោះមេដាយមាសពិភពលោក អមជាមួយកំណត់ត្រាប្រវត្តិសាស្ដ្រដ៏កម្រនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ហើយ ៣លើកមុន ដែលអ្នកស្រី កែ ឡេង ដណ្ដើមបាន គឺកាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង, ឆ្នាំ ២០១៥ នៅប្រទេសថៃ និងឆ្នាំ២០១៧ នៅប្រទេសចិន។អរគុណបងប្អូនជនរួមជាតិដែលបាន ចូលរួមទស្សនា គាំទ្រ និងលើកតម្កើងវិស័យកីឡាជាតិរបស់យើង៕ ដោយ៖លី ភីលីព



