កីឡា

រាជរដ្ឋាភិបាល យកចិត្តទុកដាក់រៀបចំ គោលនយោបាយជាតិ ការអភិវឌ្ឍកីឡា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់រៀបចំ គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍកីឡា សំដៅកសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ ។

ក្នុងពិធីបិទនិងពិសារអាហារសាមគ្គី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកួតជើងឯកប៉េតង់ ពិភពលោកយុវជន និងស្ត្រីលើកទី១៧ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ រៀបចំគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍកីឡា សំដៅកសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់ សមស្របតាមបរិបទនៃ ការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយនិរន្តរភាព” ។

សម្ដេចបន្ដថា សមិទ្ធផលកីឡាបានកើតឡើង ជាបន្តបន្ទាប់នៅកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាលបានកសាង ពហុកីឡដ្ឋានមរតកតេជោរៀបចំ ព្រឹត្តិការណ៍កីឡាជាតិ ជួសជុលកែលម្អពហុកីឡដ្ឋាន និងកីឡដ្ឋានតាមរាជធានី-ខេត្ត ឲ្យមានសន្ទុះនៃការគាំទ្រកីឡាបាល់ទាត់ ការរៀបចំផែនការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ការដណ្ដើមបានមេដាយមាស ការប្រកួតកីឡាអាស៊ី និងកម្រិតជើងឯកពិភពលោកដោយ កីឡាករ-កីឡាការិនីជាច្រើនរូប។

ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង លើកឡើងទៀតថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ កម្រិតពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ អាចចាត់ទុកថា ជាការត្រៀមលក្ខណៈរបស់ ប្រទេសនីមួយៗក្នុងតំបន់អាស៊ី ដើម្បីឈានទៅចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីននាពេលឆាប់ៗ និងជាការផ្លាស់ប្ដូរបទពិសោធន៍បច្ចេកទេស បង្កើនសមត្ថភាពកីឡាករ កីឡាការនីដែលចូលរួមប្រកួត ព្រមទាំងបានរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មក្នុងតំបន់ និងពិភពលោក ៕

ដោយ៖ អេង ប៊ូឆេង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×