កីឡា

គិតត្រឹមរសៀលនេះ កម្ពុជាឈ្នះមេដាយជាង ១០គ្រឿងពីការប្រកួតស៊ីហ្គេម នៅហ្វីលីពីន

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេស ហ្វីលីពីន គិតត្រឹមរសៀលថ្ងៃទី២ ខែធ្នូនេះ កម្ពុជាដណ្តើមបានមេដាយមាស ១គ្រឿង និងមេដាយប្រាក់៣ និងសំរឹទ្ធិចំនួន ៦គ្រឿង សរុបមេដាយ១០គ្រឿង លើ២ប្រភេទកីឡា ក្នុងចំណោម៧ប្រភេទ កីឡា ដែលកំពុងដំណើរការប្រកួតជាបន្តបន្ទាប់។ នេះបើយោងតាម AKP។

លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជា បានបញ្ជាក់ថា មេដាយមាសទី១ របស់កម្ពុជាពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺទទួលបាននៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ខណៈមេដាយចំនួន ៩គ្រឿង ផ្សេងទៀតបានមកពីកីឡាស៊ីដក់ លើវិញ្ញាសាទាត់សី ចូលកន្ត្រក មេដាយប្រាក់១គ្រឿង និងមេដាយប្រាក់២គ្រៀងទៀត រកបានលើប្រភេទ កីឡា ប្រពៃណីហ្វីលីពីន Arnis កីឡាករ យ៉ុង ម៉េងលី លើវិញ្ញាសាប្រយុទ្ធបុរស Live Stick ទម្ងន់ ៦០-៦៥គីឡូក្រាម និងកីឡាការិនី ស៊ីវន្នី សូនីតា លើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៥៥-៦០ គីឡូក្រាម។ ចំពោះសំរឹទ្ធិ៦គ្រឿងទៀត រកបានលើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ដែរ ដោយកីឡាករ ឌីម ង៉ែត ទម្ងន់ក្រោម៥៥ សំរឹទ្ធិ, សុខ ឈុនទំងន់ ៥៥-៦០, មឿន ប៊ុនលី ទំងន់ លើ៦៥ ខណៈវិញ្ញាសា Live Stick នារី កីឡាការិនី ខៀវ ចិន្ដារ័ត្ន ទម្ងន់ក្រោម ៥០គីឡូក្រាម, យស់ សញ្ចនា ទម្ងន់ ៥០-៥៥ និងកីឡាការិនិ បួ ចន្ទី លើទម្ងន់៦០។

សម្រាប់ការប្រកួតថ្ងៃទី១ ខែធ្នូ ម្សិលមិញនេះ គឺមាន៧ប្រភេទកីឡា គឺបាល់ទះ វាយសី កាយសម្ព័ន្ធ សីដក់ កីឡារំា ល្បុក្កតោ (Arnis) និងបាល់បោះ៣នាក់ទល់៣នាក់ ប៉ុន្តែ មានតែ២ប្រភេទកីឡាប៉ុណ្ណោះ ដែលឈានដល់មេដាយ គឺសីដក់ និងល្បុក្កតោ Arnis ខណៈ ៥ប្រភេទកីឡាទៀតកំពុងប្រកួតជម្រុះ លើវិញ្ញាសានានាជាបន្តបន្ទាប់។

ចំពោះកម្មវិធីប្រកួតថ្ងៃទី២ ខែធ្នូនេះដែរ មានបាល់ទាត់U22 ដែលក្រុមកម្ពុជាជួប មីយ៉ាន់ម៉ា ដែលផ្សាយបន្តផ្ទាល់ជូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសលើទូរទស្សន៍ រស្មីហង្ស មាស HDTV វេលាម៉ោង ៧:០០នាទី, បាល់បោះ ៣នាក់ទល់៣នាក់, សីដក់, ល្បុក្កតោ Arnis, វាយកូនបាល់ និងប៉េតង់ ដែលប្រភេទកីឡាទាំងអស់នេះ ប្រកួតនៅក្រុងផ្សេងៗគ្នាចំនួន៣។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺកម្ពុជា បញ្ជូនប្រតិភូ មន្ត្រី កីឡាករ កីឡាការិនីសរុប៤៤៧នាក់ ហើយមានប្រភេទកីឡាចំនួន៣១។ គិតមកដល់ត្រឹម ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួន មិនទាន់មកដល់ហ្វីលីពីនអស់នៅឡើយ ដោយសារកីឡាខ្លះត្រូវមកប្រកួតនៅចុងព្រឹត្តិការណ៍ ពោលគឺថ្ងៃទី៧ ខែធ្នូ ខាងមុខទើបមកដល់ទាំងអស់៕

To Top
×