កីឡា

អាល្លឺម៉ង់ នឹងបើកហាងទាំងអស់ និងអនុញ្ញាត ឱ្យមានការប្រកួតបាល់ទាត់ ឡើងវិញ ប៉ុន្តែមិនអនុញ្ញាត ឱ្យអ្នកគាំទ្រចូលមើល

ប៊ែកឡាំង៖ ប្រមុខរដ្ឋនៅប្រទេសអាល្លឺម៉ង់ នឹងយល់ព្រមលើវិធានការនានា ដើម្បីបន្ធូរបន្ថយ ការរឹតបន្តឹងលើជំងឺកូវីដ១៩ ក្នុងការកិច្ចពិភាក្សាគ្នា ជាមួយអធិការបតីលោកស្រី Angela Merkel ដែលគ្រោងធ្វើនៅថ្ងៃពុធនេះ។ នេះបើតាមប្រភពពីមនុស្សពីរនាក់ ដែលស្គាល់ការត្រៀមរៀបចំនេះ បានប្រាប់រ៉យទ័រកាលពីថ្ងៃច័ន្ទ (៤ ឧសភា) ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមប្រភពនោះថា បណ្តាប្រមុខរដ្ឋត្រូវបានគេរំពឹងថា នឹងផ្តល់ភ្លើងខៀវ សម្រាប់ឱ្យហាងធំៗ ដើម្បីបើកឡើងវិញ ប្រហែលជាចាប់ពីថ្ងៃទី ១១ ខែឧសភា។

ហាងតូចៗបានវិលត្រឡប់មករកស៊ីនៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អ៊ឺរ៉ុប ដរាបណាពួកគេគោរពច្បាប់ នៃគម្លាតសង្គម ដើម្បីបន្ថយការរីករាលដាល នៃមេរោគឆ្លង កូវីដ១៩ ដែលឆ្លងរាលដាលយ៉ាងខ្លាំង។

ប្រភពដដែលបាននិយាយថា រដ្ឋអាល្លឺម៉ង់ក៏ត្រូវបានកំណត់ថា នឹងអនុញ្ញាត ឱ្យលីគបាល់ទាត់ Bundesliga បន្តការប្រកួតឡើងវិញផងដែរ ប្រហែលជាចាប់ពីថ្ងៃទី ១៥ ខែឧសភា ក្រោមលក្ខខណ្ឌតឹងរឹង មិនឱ្យអ្នកគាំទ្រ ចូលមើលនៅពហុកីឡដ្ឋាន។

ប្រភពដដែលបានបន្ថែមទៀតថា ក្នុងពេលតែមួយនាយករដ្ឋមន្រ្តី នឹងអនុញ្ញាត ឱ្យលេងកីឡាក្រៅ សម្រាប់អ្នកមិនមែនអាជីព និងកុមារ។

ប្រភពដដែលបានឱ្យដឹងទៀតថា រដ្ឋនានាក៏នឹងព្រម បើកសាលារៀនឡើងវិញ សម្រាប់ថ្នាក់ទាំងអស់ជាជំហាន ៗ ទោះបីជាកុមារភាគច្រើន នឹងត្រូវបានអនុញ្ញាត ឱ្យចូលរៀនក្នុងវេន ដែលមិនមែនជារៀងរាល់ថ្ងៃក៏ដោយ៕ ប្រែសម្រួលៈ ណៃតុលា

To Top