ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកពិភព លោក៤ជំ នាន់ជាប់ៗគ្នា វីរៈកីឡាការិនី កែ ឡេង បានប្រកាស លាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍កម្ពុជា (camsoc)
លោកស្រី កែ ឡេង ឲ្យដឹងថា ការសម្រេចចិត្តលា ឈប់ពីវិស័យកីឡាប៉េតង់នេះ ដោយស្ថានភាព សុខភាពចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោងក្នុង១ថ្ងៃៗ។
ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាព របស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីព នឹងអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។
វីរៈកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពី ការប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នាចាប់ តាំងពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ។ ភាពល្បីល្បាញនេះ បានធ្វើឲ្យកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង ហើយសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានផ្តល់សិទ្ធិឲ្យកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯក ពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
ក្រៅពីការឈ្នះមេដាយមាសជើងឯកពិភពលោក លោកស្រី ក៏ធ្លាប់បានឈ្នះមេដាយស៊ីហ្គេម និងការប្រកួតអន្តរជាតិមួយចំនួនទៀតដែរ៕