គ្រូបង្វឹកក្លឹប Palmeiras លោក Vanderlei Luxemburgo បានបញ្ជាក់ប្រាប់ ក្រុមអ្នកយកព័ត៌មានកីឡា ក្នុងសុ្រកត្រង់ថា ក្លឹបពិតជាមានបំណង ចង់ចុះកុងត្រាជាមួយ នឹងអតីតកីឡាករខ្សែប្រយុទ្ធ របស់ជម្រើសជាតិប្រេស៊ីល Hulk ពីក្លឹបចិន Shanghai SPIG ពិតមែន។
តាមពិតទៅកីឡាករ Hulk ត្រូវបានក្លឹបជាច្រើន នៅលីគកំពូលប្រេស៊ីល ចាប់អារម្មណ៍ដូចគ្នាដែរ ខណៈដែលកីឡាករវ័យ៣៣ឆ្នាំរូបនេះ បានឈានចូលមកដល់កុងត្រា រយៈពេល៦ឆ្នាំចុង ក្រោយទៅហើយ ជាមួយនឹងក្លឹបចិនមួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Luxemburgo បានបញ្ជាក់ដែរថា វាគឺជារឿងដ៏លំបាកមួយ និងស្មុគ្រស្មាញ ចំពោះការងារផ្ទេរនេះ ជាពិសេស គឺដោយសារបញ្ហាហិរញ្ញវត្ថុតែម្តង។
ចំពោះកីឡាករវិញ ធ្លាប់បាននិយាយដែរថា កាលពីខែមុនលោក ទើបតែបានទទួលដំណឹងថា ក្លឹប Palmeiras មានបំណងចង់បានគាត់ ទៅលេងនៅប្រេស៊ីល ហើយក៏មានក្លឹបផ្សេង ជាច្រើនផងដែរ ប៉ុន្តែ Hulk បន្តដែរថា លោកមិនទាន់បានពិភាក្សា ជាមួយនឹងក្លឹបណាមួយនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី