កីឡា

វ៉ាន់ វឿន និង អេលីត ចំរើន ត្រៀមរួចរាល់ ដើម្បីដណ្ដើម ខ្សែក្រវាត់មាសអធិរាជគុនខ្មែរ ISI PALM- ISI PIPE ថ្ងៃទី៥ ខែកក្ដដានេះ

ការទន្ទឹងរង់ចាំរបស់ទស្សនិកជនអស់រយៈពេលកន្លះឆ្នាំដើម្បីដឹងថា នរណាជាអធិរាជលំដាប់កំពូលបំផុត ក្នុងកម្មវីធីអធិរាជគុនខ្មែរ ISI PALM- ISI PIPE រដូវកាលទី២ ទម្ងន់៥៧គីឡូក្រាម នៅ PNN នឹងត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យទី៥ខែកក្កដាឆ្នាំ២០២០ ចុងសប្ដាហ៍នេះហើយ នៅពេល វ៉ាន់ វឿន ឡើងតតាំងទល់នឹង អេលីត ចំរើន ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស និងប្រាក់រង្វាន់៤០លានរៀល។ ខ្លាកំណាចទាំង២នេះបានឆ្លងកាត់ និងឈ្នះឧបសគ្គធំៗនិងលំបាកៗជាច្រើនលើក ទម្រាំបោះជំហានឈានចូលមក ដល់ដំណាក់កាលចុងក្រោយនៃសមរភូមិគុនខ្មែរ ដ៏កក្រើករញ្ជួយគ្មានពីរនៅកម្ពុជានេះ។

សិស្សគុនក្លិបប៉ែនកាក់គុនខ្មែរ អេលីត ចំរើន បានចាប់ផ្ដើមត្រួសត្រាយផ្លូវរបស់ខ្លួនមកកាន់ទីនេះដំបូងបង្អស់ ដោយបានប្រើជើងឆ្វេងដ៏ធ្ងន់របស់គេទាត់កញ្ចឹងកឥន្ទ្រីឆ្លងដែនមកពីថៃ ឃុម ផាយ៉ាក់ ក្នុងទឹកទី២ កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០។ បន្ទាប់មក អ្នកស្នងគុនខ្មែរមកពីស្រុកថ្មគោល ខេត្តបាត់ដំបង បានឆ្លងផុតរបាំងកាន់តែធំមួយទៀត ដោយផ្ដួល ឃុមភិឈិត តាមរយៈរន្ទះជើងឆ្វេង របស់គេជាថ្មីក្នុងទឹកទី៣ កាលថ្ងៃទី១៦ខែមីនា ដេីម្បីគ្រងខ្សែក្រវាត់ប្រាក់ ជាស្ពានឈានមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ដែលគេបានឈ្នះពិន្ទុយ៉ាងខ្ទរខ្ទារលើ ប៊ុន សុធា ជើងខ្លាំងកំពុងពេញល្បី ក្នុងថ្ងៃទី១៤ខែមិថុនា។

ចំណែក សិស្សគុនក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ វ៉ាន់ វឿន វិញ ក៏បានចាយប្រាជ្ញា កម្លាំង ញើស ឈាម មិនស្ទើរដែរមុនបានសិទ្ធិមកប៉ះ អេលីត ចំរើន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសនេះ។ កូនសិស្សលោក សុខ វិជ័យ រូបនេះបានចេញដេប៉ា ដោយជោគជ័យក្នុងជុំទី១ដោយប្រើជង្គង់ឆ្វេងបំបែកធុងទឹកកីឡាករថៃ ផាយ៉ាក់ អ៊ិនស៊ី ក្នុងទឹក២កាលពីថ្ងៃទី២៦ខែមករា។

២ដំណាក់កាលបន្ទាប់ គឺរឹតតែស្វិតស្វាញខ្លាំងសម្រាប់កីឡាករមានទីកំណើត នៅស្វាយរៀងរូបនេះ ព្រោះសុទ្ធតែ វាយពេញ៥ទឹកទាំង២លើក ទល់នឹងជើងខ្លាំងគុនខ្មែរជួរមុខដូចគ្នា។ ប៉ុន្តែ ម្ចាស់មេដាយ សំរឹទ្ធស៊ីហ្គេម២ជំនាន់តែងតែទទួលបានលទ្ធផល គាប់ចិត្ត ពោល ឈ្នះពិន្ទុលើ លៀប រដ្ឋា យកខ្សែក្រវាត់ប្រាក់កាលថ្ងៃទី៣១ខែឧសភា ទោះបីត្រូវបានអាជ្ញាកណ្ដាលរាប់ម្ដងក្នុងទឹកទី១ក្ដី។ ហើយកាលថ្ងៃទី២១ខែមិថុនា កីឡាករឈ្មោះក្រៅបញ្ជីជាតិ សុខ ទូ បានឈ្នះពិន្ទុ អេ ណារ័ត្ន ដើម្បីឆក់យកកៅអីមកប៉ះ អេលីត ចំរើន ពេលនេះ។ វ៉ាន់ វឿន និយាយថា អេលីត ចំរើន ជាកីឡាករវាយឆ្លាត និងពូកែទាត់ ហើយមានកម្ពស់ខ្ពស់ជាង តែគេមិនភ័យខ្លាចឡើយ។ ផ្ទុយទៅវិញ វឿន ផ្ដោតចម្បងលើការពង្រឹងកម្លាំងស៊ុហ្វ និងបច្ចេកទេសផ្ទាល់ខ្លួន ដើម្បីយកឈ្នះ ចំរើន។ សម្រាប់ វឿន ក្ដីសង្ឃឹមឈ្នះគឺ៥០-៥០។

លេីសពីនេះ វឿន ចង់បន្តរក្សាកំណត់ត្រាមិនចាញ់ ជាង១០ប្រកួតចុងក្រោយជាប់គ្នាឱ្យបានបន្តទៀត។ ចំណែក ចំរើន វិញក៏មិនហ៊ានមើលស្រាល វ៉ាន់ វឿន ឡើយ ដោយជំនួសមកវិញជាមួយ ពាក្យសរសើរចំពោះ ភាពឈ្លាសវៃរបស់ វឿន ថាបត់បែនស្នៀតប្រយុទ្ធបានល្អ តាមប្រភេទគូប្រកួត និងមានកែងដ៏គ្រោះថ្នាក់ ដែលផ្ដល់ស្នាមបែកលើ ផ្ទៃមុខសឹងគ្រប់គូបដិបក្ខរបស់គេ។

ទោះយ៉ាងណា ចំរើន ប្រាថ្នាយកខ្សែក្រវាត់មាសឱ្យបាន។ ដូច្នេះ សូមរង់ចាំទស្សនាកុំបីអាក់ខាន វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស អធិរាជគុនខ្មែរ ISI PALM-ISI PIPE ទម្ងន់៥៧គីឡូក្រាម រវាង អេលីត ចំរើន ទល់នឹង វ៉ាន់ វឿន នាថ្ងៃអាទិត្យទី៥ខែកក្ដដាឆ្នាំ២០២០ លើកញ្ចក់ទូរទស្សន៍ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports, ផេកហ្វេសប៊ុក ISI STEEL និងផេកដទៃទៀត។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏មានគូមិត្តភាព ដ៏រំជើបរំជួលរវាង រឿង សោភ័ណ្ឌ និងជើងខ្លាំងជនជាតិ អង់គ្លេស Max Shaw និងគូថ្នាលជាច្រើនគូទៀត។ លើសពីនេះ ក៏មានឈុតសម្ដែងពិសេសពីក្រុម សិល្បករកំដរកម្មវីធីមុនដល់គូផ្ដាច់ព្រ័ត្រទៀតផង៕

ទស្សនាវីដេអូសូមចុច៖https://www.facebook.com/PNNTVCambodia/videos/1472069326334386/

To Top