កីឡា

ប្រដាល់គុនខ្មែរ៨នាក់ ធ្វើឲ្យកាន់តែកក្រើក អ្នកតស៊ូគុនខ្មែរ គោជល់ជើងឯក ប៉ះគ្នារដូវកាលទី២ នៅសង្វៀនCNC

ភ្នំពេញ ៖ អ្នកប្រដាល់កម្ពុជា ជើងខ្លាំង ចំនួន៨នាក់ ចែកចេញជា២ក្រុម នឹងប្រកួតប្រជែងគ្នា ដណ្ដើមជើងឯកក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម នៃព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា រដូវកាលទី២ ដែលមានរង្វាន់ ចំនួន៥,០០០ដុល្លារ នៅសង្វៀនCNC ក្រោមការសហការ រវាងស្ថានីយទូរទស្សន៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៦ ខែកញ្ញាថា ទាំងអាជ្ញាកណ្ដាល ទាំងកីឡាត្រូវតែបំពេញ ការងារដោយយុត្តិធម៌ ។ អាជ្ញាកណ្ដាល ចៅក្រមបើមានភាពមិនយុត្តិធម៌ នឹងត្រូវទទួលទណ្ឌកម្ម ស្រប ទៅតាមបទបញ្ជា របស់សហព័ន្ធ ចំពោះកីឡាករ ក៏នឹងត្រូវបញ្ឈរជើង ទៅតាមវិន័យ របស់សហព័ន្ធទៅ តាមទំហំនៃកំហុសរបស់ខ្លួន ។

លោក ម៉ុល រ៉ាស៊ី នាយកផ្នែកលក់របស់ទូរទស្សន៍ CNC បង្ហាញពីជំនឿចិត្តថា តាមរយៈការប្រកួតនេះ នឹងពន្លេចចេញនូវកីឡាករល្អៗ ដែលមានសមត្ថភាពថែមទៀត ។ ដើម្បីគាំទ្រដល់កីឡាករ ប្រដាល់ដែលមានឆន្ទៈក្នុងការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យមានឱកាសបង្ហាញ សមត្ថភាពរបស់ខ្លួន តាមរយៈកម្មវិធីប្រកួត ។
ចំណែកលោក មាន សំអុល ជានាយកចាត់ការទូទៅ ក្រុមហ៊ុនភេសជ្ជៈគោជល់សំណូមពរ ឲ្យអាជ្ញាកណ្ដាល ចៅក្រម បំពេញការងារដោយយុត្តិធម៌ចពោះកីឡាករ ត្រូវមានភាពស្មោះត្រង់ ដោយប្រកួតឲ្យអស់ពីសមត្ថភាព ។ អ្នកប្រដាល់គុនខ្មែរជើងខ្លាំងចំនួន៨រូបនឹងត្រូវបែងចែកជា២ ក្រុម ដោយមួយក្រុមមានកីឡាករ៤រូប ។ ជាមួយនឹងរូបមន្តប្រកួតចាញ់ ធ្លាក់នៅខែតុលា ឆ្នាំ២០២០ កីឡាករ ៤រូប នៅក្នុងក្រុមទី១ នឹងធ្វើការប្រកួតដើម្បីប្រជែង យកតំណែងជើងឯក ប្រចាំក្រុម ។ ដូចគ្នាដែរ ជើងខ្លាំងទាំង ៤រូប នៅក្នុងក្រុមទី២ នឹងត្រូវតស៊ូគ្នា ដើម្បីដណ្តើមយកតំណែងជើង ឯកប្រចាំក្រុមរបស់ខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០២០។

សម្រាប់ក្រុមទី១រួមមាន អ្នកប្រដាល់ សេន កុសល ក្លិបមោងឬស្សីមរតកគុនខ្មែរ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ឃីម បូរ៉ា ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ និងអ្នកប្រដាល់តាញ់ មករាមកពីសមាគមប្រដាល់ ក្រសួងការពារជាតិ ។ ចំណែកក្រុមទី២រួមមានអ្នកប្រដាល់ សោម វិឆ័យ ក្លិបពន្លឺវិបុលដារុទ្ធខ័ណ្ឌពោធិ៍សែនជ័យ អេលីត ចំរើន ក្លិបប៉ែន កាក់មរតកគុនខ្មែរ ម៉ឺន មេឃា សមាគមប្រដាល់ ក្រសួងការពារជាតិ និង ឡុង ជិនក្លិបខ្លារខិនមានរិទ្ធ ៕

To Top