កីឡា

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទស្សនាការហ្វឹកហាត់ ក្រុមជម្រើសជាតិ ទាំង៣៤ប្រភេទ កីឡាត្រៀមការប្រកួតកីឡា SEA GAMES 2021 និងSEA GAMES 2023

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ប្រគល់ពានរង្វាន់ ដល់កីឡាករ-កីឡាការិនី ទទួលជយលាភី ការប្រកួតកីឡាហែលទឹក និង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាងហែលទឹកពហុកីឡដ្ឋានជាតិ អូឡាំពិក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាការហ្វឹកហាត់ ក្រុមជម្រើសជាតិទាំង៣៤ប្រភេទ កីឡា ត្រៀមការប្រកួតកីឡា SEA GAMES 2021នៅវៀតណាម និងកីឡា SEA GAMES 2023 ដែលកម្ពុជាម្ចាស់ផ្ទះ ។

ដំបូងសម្តេចពិជ័យសេនា ទៀ បាញ់ចាប់ផ្តើមទស្សនាការហ្វឹកហាត់ ត្រៀមការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាម និងកីឡា SEA GAMES 2023 ដែលកម្ពុជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានក្រុមកីឡាជម្រើសជាតិ ជាច្រើនរួមមានកីឡាវ៉ូវីណាម កីឡាតេក្វាន់ដូ ITF កីឡាការ៉េតេ គុនដាវ បាល់បោះ ល្បុក្កតោ ហើយសម្តេចបន្តដំណើរ ទស្សនាតាមសហព័ន្ធកីឡាជាតិ ក្នុងពហុកីឡដ្ឋានជាតិ ដូចជាសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា កីឡាសូហ្វតេន្នីសកម្ពុជា ។

សហព័ន្ធខ្មែរកីឡាហែលទឹក សហព័ន្ធកីឡារាំកម្ពុជា សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា សហព័ន្ធកីឡាវាយសីកម្ពុជា ខេមរសហព័ន្ធតេក្វាន់ដូWT សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាសីដកកម្ពុជា ។

ក្នុងឳកាសនោះលោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានបង្ហាញសារថា ក្រោមម្លប់សន្តិភាព ថ្ងៃនេះខ្ញុំបាទក្នុងនាមសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ពិតជាសប្បាយចិត្ត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដំណើរទស្សនកិច្ច ត្រួតពិនិត្យទីលាននិងការហ្វឹកហាត់ ក្រុមកីឡាជម្រើសជាតិ ក្រុមជម្រើសយុវជនថ្នាល របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOC លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC លោក បណ្ធិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន CAMSOC៕
ដោយ៖លី ភីលីព

To Top