កីឡា

លោក កែវ រ៉េមី ៖ ការធ្វើតេស្តិ៍នេះ ដើម្បីស្វែងរកអត្តពលិក តេក្វាន់ដូ ITF ឆ្នើមចូលក្រុមជម្រើសជាតិ ២០២១ ត្រៀម SEA GAMES ២០២៣

ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡា តេក្វាន់ដូ ITF បានអញ្ជើញចូលរួមពិធីការ ប្រកួតដំឡើងថ្នាក់ដាន់ របស់កីឡាករ-កីឡាករិនី ជម្រើសជាតិ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលហ្វឹកហាត់របស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជានៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក កែវ រ៉េមី បានមានប្រសាស៍ថា ការប្រកួតនេះជាយុទ្ធសាស្ត្រ សម្រាប់កីឡាតេក្វាន់ដូ ITF កម្ពុជា ដើម្បីស្វែងរកអត្តពលិកឆ្នើម ចូលក្រុមជម្រើសជាតិ២០២១ ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍អន្តរជាតិ នានាជាពិសេស ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ជាមួយគោលដៅឈ្នះមេដាយមាស តាមផែនការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ដាក់មក ។

លោកបានបន្តថា លោកបានវាយតម្លៃខ្ពស់ នៃកម្រិតឲ្យប្រភេទកីឡាតេក្វាន់ដូ ITF ដណ្តើមមេដាយមាសកីឡា SEA GAMES 2023 ។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ សហព័ន្ធលោកជំរុញឲ្យកីឡាករ- កីឡាការិនីជម្រើសជាតិ បង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីធានាថា ត្រូវតែយកឲ្យបានមេដាយមាស ១៥គ្រឿង ។ យើងបានត្រៀមខ្លួនរួចជាស្រេច ហើយសម្រាប់ដំណើរឆ្ពោះ ទៅដណ្តើមមេដាយកីឡា SEA GAMES 2023 តាមរយៈការបង្កើន ការហ្វឹកហាត់ ការពង្រឹងវិន័យ ។

លោកបានលើកឡើងថា ទោះបីជាបែបនេះ ក៏យើងមិនមែនភ្លេចខ្លួន មើលស្រាលគេ ឬធ្វេសប្រហែសបានទេ គឺយើងតែងតែផ្តល់តម្លៃ សម្រាប់ការហ្វឹកហាត់ ដោយការហ្វឹកហាត់ ត្រូវតែជឿជាក់លើខ្លួនឯង ហើយក៏មិន មានការភ័យខ្លាច សម្រាប់ការប្រកួតឡើយ នៅចំណុចទាំងអស់នេះ លោកតែងតែបានផ្តល់ ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូនដល់កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ឲ្យកាន់តែមានស្មារតី មុះមុតបន្ថែមទៀត ៕ដោយ៖លី ភីលីព

To Top