កីឡា

លោក Honda បន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ខណៈ លោក Felix Dalmas លាឈប់

ភ្នំពេញ៖ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធបានបន្ដកុងត្រាថ្មី ជាមួយលោក Keisuke Honda រួមជាមួយនឹងសហការី របស់លោក ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងក្រុមយុវជន អាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅព្រឹត្តិការណ៍ការ ប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា លោក Keisuke Honda ជាជនជាតិ ជប៉ុន និងជាកីឡាករអន្តរជាតិ ដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា នៅក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល ហើយសហព័ន្ធបន្តកុងត្រាថ្មី ឲ្យលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុត អាយុក្រោម២៣ឆ្នាំ។
ដោយឡែកលោក Felix G.Dalmas ជាគ្រូបង្វឹកជនជាតិអាហ្សង់ទីន បាននិយាយថា រូបលោកមិនអាចបន្ត ក្នុងនាមជាគ្រូបង្វឹកបានទៀតទេ ដោយសារតែបញ្ហាផ្ទាល់ខ្លួន មួយចំនួនរបស់ខ្ញុំ ប៉ុន្តែលោកបានបង្ហាញ នូវការជឿជាក់ថា លោកគ្រូ Honda នឹងនៅតែបន្តការដឹកនាំ ដ៏ល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះអះអាងថា ក្នុងនាមជាគ្រូបង្វឹក និងជាអ្នកដឹកនាំ នៃក្រុមជម្រើសជាតិកម្ពុជា លោកមានកិត្តិយសដ៏អស្ចារ្យបំផុតមួយ ក្នុងជីវិតរបស់ខ្ញុំ ។ លោកបន្តថា អស់រយៈពេល២ឆ្នាំមកនេះ ខ្ញុំមានក្រុមការងារ បច្ចេកទេសកម្ពុជា ដ៏អស្ចារ្យមួយ ហើយមានមនុស្ស អស្ចារ្យជាច្រើនទៀត ដែលនៅពីក្រោយការប្រកួត របស់ពួកយើង ពួកគេបានធ្វើការយ៉ាងខ្លាំង និងបានលះបង់ទាំងកម្លាំង កាយកម្លាំងចិត្តសម្រាប់ក្រុម ។ ខ្ញុំបានធ្វើការងារជារៀងរាល់ថ្ងៃ ជាមួយកីឡាករគ្រូបង្វឹករបស់ក្លិបអាជីពនានា ហើយក៏មានម្ចាស់ក្លឹបទាំងនោះផង ដែរពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំង ដើម្បីចង់ ឲ្យប្រទេសកម្ពុជា និងកីឡាកររបស់យើង កាន់តែមានភាពរីកចម្រើន ។ ការធ្វើការងារសហការជា មួយពួកគាត់ វាពិតជាពិសេស ពិសាលណាស់សម្រាប់ខ្ញុំ ។

លោកFelix G.Dalmas សម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda បានផ្តល់ការជឿទុកចិត្ត មកលើរូប លោកហើយបានផ្តល់ឱកាសឲ្យលោក ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតែជឿជាក់លើ ទស្សនៈវិស័យបាល់ទាត់ និងគាំទ្រដល់ក្តីសុបិន្ត របស់ពួកយើងក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់យុគសម័យថ្មី នៃបាល់ទាត់កម្ពុជា ។

ជូនចំពោះកីឡាករ ទាំងអស់គ្នា ខ្ញុំមានតែពាក្យអរគុណប៉ុណ្ណោះ ដល់អ្នកទាំងអស់គ្នា ដែលពួកយើងបានធ្វើតាមការណែនាំរបស់ខ្ញុំ ដោយអស់ពីចិត្តហើយបានបង្ហាញ នូវឆន្ទះយ៉ាងម៉ោះមុតគ្រប់ការប្រកួត ដើម្បីក្រុម ។ អ្នកទាំងអស់គ្នា តែងតែព្យាយាមជម្នះ ជាមួយខ្លួនឯង ជារៀងរាល់ថ្ងៃ និងព្យាយាមកែតម្រូវខ្លួនឯងទាំងនៅក្នុង និងក្រៅទីលាន ។ ខ្ញុំបានមើលឃើញពីការលះបង់ ដែលអ្នកទាំងអស់គ្នា បានធ្វើ និងការរីកចម្រើន ដែលអ្នកទាំងអស់គ្នាសម្រេច បានវាធ្វើឱ្យខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាក៏ដូចកីឡាករទាំងអស់ ពិតជាអាចសម្រេចនូវក្តីសុបិន ដ៏ធំរបស់ខ្លួនបាន ដើម្បីនាំប្រទេសមួយនេះ ឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងឆាកអន្តរជាតិ ។

ក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ពួកយើងបានបង្កើតមូលដ្ឋានគ្រឹះ នៃរបៀបលេងមួយ ដែលមានសក្តានុពល យ៉ាងខ្លាំង ។ មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះ បានបង្ហាញរួចមកហើយនូវអ្វី ដែលវាអាចសម្រេចបាន និងទទួលបានលទ្ធផល មិនគួរឲ្យជឿ ដូចជាការឡើង ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ ការឆ្លងចូលវគ្គជម្រុះជុំទី២ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុម ដែលក្មេងជាងគេ ក្នុងការប្រកួត)។ ពិសេសការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាSEA GAMES នៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់បាល់ទាត់កម្ពុជា ។

លោកបញ្ជាក់ថា រូបលោកពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយ នៃប្រវត្តិសាស្ត្របាល់ទាត់ របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជា ជានិច្ចចំពោះទឹកចិត្តដ៏ស្មោះសរ របស់អ្នកចំពោះលោក ។

សហព័ន្ធបកផ្លូវការ ចំពោះការបន្តកិច្ចសន្យាថ្មី ក្រុមដឹកនាំថ្មី ដោយមិនមានលោក Felix Dalmas នោះគឺត្រូវបានលោកអគ្គលេខាធិការ លើកឡើងថា ប្រហែលជាមានលក្ខខណ្ឌខ្លះៗ ដែលមិនត្រូវគ្នានឹងលោក Honda ដែលយើងមិនដឹងច្បាស់ដែរ ។ ដូច្នេះហើយគ្រូបង្គោលថ្មី ដែលនឹងមកដឹកនាំ ក្រុមជម្រើសជាតិកម្ពុជា ជាបន្តនោះ គឺគ្រូបង្គោលមួយរូប គឺជាជនជាតិជប៉ុនដែរ ដែលគ្រូបង្គោលរូបនោះ កំពុងធ្វើចត្តាឡីស័កបញ្ចប់១៤ថ្ងៃសិន និងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថា តើគ្រូបង្គោលរូបនោះអាចមកបង្ហាត់ ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានឬអត់? ។

លោកអគ្គលេខា កែវ សារ៉េត បន្តថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏រង់ចាំគ្រូបង្វឹក ជនជាតិជប៉ុនរូបនោះ ចេញផុតពីការធ្វើចត្តាឡីស័កសិន ទើបយើងអាចជជែក ពីភាពលម្អិតនៃការងារបន្តបន្ទាប់ បានហើយក៏អាចជជែកពីកិច្ចការ ដែលគ្រូបង្វឹកចង់ចុះពិនិត្យមើលការ ប្រកួតនៅកម្ពុជា ក៏ដូចជាគោលបំណង នៃរៀបចំក្រុមកម្ពុជាឡើងវិញ ៕

To Top