កីឡា

«អ្នកចម្បាំង» បទចម្រៀងប្រវត្តិសាស្ត្រ​ សម្រាប់ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ បទចម្រៀងនិងសម្តែង«អ្នកចម្បាំង»គឺជាបទចម្រៀងប្រវត្តិសាស្ត្រ សម្រាប់គុនល្បុក្កតោ ដែលបានកើតចេញ ពីកិច្ចសហការ រវាងផលិតកម្មរាម និងសហព័ន្ធគុនល្បុក្កតោកម្ពុជា ដែលបានបង្ហាញជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដ៏ធំ ជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ការរាប់ថយក្រោយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

នេះជាសមិទ្ធផលថ្មីមួយ របស់វិស័យកីឡាគុនល្បុក្កតោកម្ពុជា ដែលបានបង្ហាញ ពីការសម្តែងដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍សម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋាន ជាតិមរតកតេជោ ។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថា គោលបំណងនៃការផលិតនេះ គឺស្របទៅគោលបំណង នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយវិស័យកីឡា គ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ SEA Games 2023។

បទ «អ្នកចម្បាំង» បានច្របាច់បញ្ចូលគ្នារវាងសិល្បៈសម័យនិងបុរាណ ហើយបានរំលេចចេញ នូវទស្សនីយភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ដោយមានជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ពសម័យអង្គរ និងខ្លឹមសារចម្រៀងឧទ្ទិសស្នាដៃ ដល់បុព្វបុរស ទំនៀមទម្លាប់ ប្រពៃណីអ្នកហាត់គុន ជំនឿសាសនា និងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតីជាអ្នកប្រយុទ្ធ ក្នុងថែរក្សាមរតកដ៏វិសេសវិសាលមួយនេះ។ បទចម្រៀងនេះនឹងផ្តល់ជូន ដល់គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC)ឆាប់ៗខាងមុខនេះ។

«តាមរយៈបទអ្នកចម្បាំងនេះយើងរំពឹងថា នឹងអាចជំរុញទឹកចិត្តឬកៀរគរ មហាជននិងយុវជនឲ្យចូលរួម ក្នុងចលនាគាំទ្រគុនល្បុក្កតោ ដើម្បីឲ្យមរតកដូនតាមួយនេះពេញនិយម នៅក្នុងស្រុកនិងសាយភាយទៅក្រៅប្រទេស ឲ្យស័ក្តិសមជាមរតករបស់មហានគរ ជាពិសេសគឺដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង» ៕ ដោយ:លី ភីលីពី

To Top