ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកមុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានឲ្យដឹងថា «តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ»។


សម្ដេច បន្ដថា ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើកទី៥» នាថ្ងៃទី២៥ ធ្នូនេះ សំដៅបង្កើនសមត្ថភាពកីឡាករវាយកូនគោលនៅកម្ពុជា សម្រាប់ឈានឆ្ពោះទៅដណ្តើមជោគជ័យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																											 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									