កីឡា

សម្តេចតេជោ ជួបសំណេះសំណាល ជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនទៅប្រកួតកីឡាពិការអាស៊ានលើកទី១១ នៅទីក្រុងសូឡូ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។

ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើករួចមកហើយ ប៉ុន្តែនៅឆ្នាំ២០១៩ ការប្រកួតគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។

ដោយឡែក ការប្រកួតលើកទី១១ នេះ តាមពិតត្រូវធ្វើនៅប្រទេសវៀតណាម តែវៀតណាមសុំលើកពេលក្រោមហេតុផលវិបត្តិជំងឺកូវីដ១៩ ទើបលើកទៅរៀបចំនៅប្រទេសឥណ្ឌូនេស៊ីជំនួសវិញ។ ក្នុងព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ កម្ពុជាបញ្ជូនប្រតិភូកីឡាចូលរួមសរុប១១៦នាក់ ។ ក្នុងនោះមានអត្តពលិក១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់។

លើសពីនេះ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន១១កីឡា រួមមាន៖ វាយកូនឃ្លីលើតុ លើកទម្ងន់ អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរសនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង បាល់បោះជិះរទេះបុរសនារី បូស្យា វាយសី និងអុក។ ក្រុមប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរទៅប្រកួតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ៕

To Top