កីឡា

កីឡាករ វ៉ាន់ វឿន និងកីឡាករ ឈុត សេរីវ៉ាន់ថងឈ្នះដូចគ្នាការប្រកួត កីឡាប្រដាល់គុនខ្មែរខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសង្វៀនTV5

ភ្នំពេញ៖ កីឡាករ វ៉ាន់ វឿន និងកីឡាករ ឈុត សេរីវ៉ាន់ថងរកបាន៣ពិន្ទុដូចគ្នា នាថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម ដើម្បីស្វែងកីឡាករគុនខ្មែរឆ្នើម ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់នៅស្ថានីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។

ឳកាសបើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅ TV5 ដោយមានការអញ្ជើញចូលរួមពិធីពីសំណាក់លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិតំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ។

លោកនាយកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកនាយកឧត្តមសេនីយ៍បានបន្តថា កីឡាករ-កីឡាការិនីរបស់យើង ជាមួយផែនការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈក្បាច់គុនបុរាណខ្មែរជាសម្បត្តិវប្បធម៌ជាតិ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ចូលរួមការប្រកួតជាលក្ខណៈជាតិអន្តរជាតិជាពិសេសការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនារួមមានកីឡាករ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាក្រសួងការពារជាតិបានយកឈ្នះលើកីឡាករ សៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿង ដោយពិន្ទុ និងកីឡាករ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងនៃសមាគមកីឡាក្រសួងការពារជាតិវាយឲ្យសន្លប់ត្រឹមទឹកទី២ ដូច្នេះកីឡាករ វ៉ាន់ វឿន និងកីឡាករ ឈុត សេរីវ៉ាន់ថងរកបាន៣ពិន្ទុក្នុងពូល “A”៕  ដោយ៖លី ភីលីព

To Top