កីឡា

ពុទ្ធ សំបូរ ប្រជែងកៅអី វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រជាមួយ សូត្រ វាសនា ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេច ពិជ័យសេនា នៅសង្វៀនTV5

ភ្នំពេញ ៖ នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ អ្នកប្រដាល់ ពុទ្ធ សំបូរ ក្លិបពុទ្ធសេរីវង្សប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយ អ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនា ក្លិបបក្សីស្លាបដែក នៃសមាគមកីឡាប្រដាល់ក្រសួង ការពារជាតិ នៃព្រឹត្តិការណ៍ បើកការប្រកួត កីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅសង្វៀនTV5 ព្រែកកំពឹស ។

សម្រាប់ការប្រកួតលើនេះ អ្នកប្រដាល់ ពុទ្ធ សំបូរ និងអ្នកប្រដាល់ជើងខ្លាំង សូត្រ វាសនាធ្វើការច្រើន ជាងការប្រកួតរាល់ដង ដោយសារអ្នកប្រដាល់ ទំាង២នាក់ ត្រូវប្រជែងកៅអីដើម្បីឡើង ទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើម ប្រាក់លាន ។ ២ប្រកួតកន្លងមក អ្នកប្រដាល់ទំាង២នាក់ ឈ្នះ១ និងចាញ់១ដូចគ្នា ទើបអ្នកទាំងត្រូវប៉ះគ្នជុំទី៣ក្នុងពូល ហើយក៏ជាការប្រកួតជុំចុងក្រោយ ដណ្តើមចំណាត់លេខ២ដែរ ។

មួយគូរទៀត គឺអ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ប្រកួតអ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប ចំពោះអ្នកប្រដាល់ជើង ខ្លាំង ឃុន បូរ៉ា ប្អូនបង្កើតរបស់ម្ចាស់មេដាយមាស ព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2017 ឃុន ឌីម៉ា ឡើងពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ដោយ២ប្រកួតកន្លងមកឈ្នះទំាង២ ទទួលបាន៦ពិន្ទុពេញតែម្តង ។

ចំពោះការប្រកួតជាមួយអ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ជារឿងធម្មតាសម្រាប់អ្នកប្រដាល់ជើងខ្លាំង ឃុន បូរ៉ា ប៉ុន្តែឃុន បូរ៉ា ក៏ត្រូវឈ្នះដែរដើម្បីឈរលើកំពូល តារាប្រកួតដែរ ចំណែក អ្នកប្រដាល់ជើងរន្ទះ គង់ ហ៊ូវ ទោះបីឈ្នះ ឬចាញ់ក៏ត្រូវធ្លាក់ដូចគ្នា ។
ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះ ពិតជាបានចូលរួម ចំណែកជាមួយនឹង ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើន លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើក ស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ៕

To Top