កីឡា

លោក សុខ សូកាន៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់ គរុគុណក្នុងគោលបំណងរម្លឹកពីគុណូបការៈ ដ៏ឧត្តុងឧត្ដមរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅទីលានកីឡាប៊ូល និងប៉េតង់នៃពហុកីឡដ្ឋានជាតិ លោកស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញចូលរួមពិធីបើក ការបកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ ឆ្នាំ២០២ លើកទី២ និងខួបអនុស្សាវរីយ៍៣០ន្ននៃការបង្កើត សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ ២០។


លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាននិយាយថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់គរុគុណ ឆ្នាំ២០២២ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីមកពីសមាគម-ក្លិកីឡាប៉េតង់ចំនួន ៦២ ដែលមានអត្តពលិកសរុប ៤៥៩នាក់ លើ៨វិញ្ញាសារួមមានបុរសអាយុ១៨ឆ្នាំឡើង ៣នាក់ ទល់ ៣នាក់ នារីអាយុ១៨ឆ្នាំឡើង៣នាក់ ទល់ ៣នាក់ បុរសវ័យចាស់អាយុ ៥៥ ឆ្នាំឡើង៣នាក់ ទល់ ៣នាក់ បុរសអាយុ១៨ឆ្នាំឡើង២នាក់ ទល់ ២នាក់ នារីអាយុ១៨ឆ្នាំឡើង ២នាក់ ទល់ ២នាក់ យុវជនអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ យុវនារីអាយុក្រោម១៨ឆ្នាំ ១នាក់ ទល់ ១នាក់ និងពានសមាគម។


លោក សុខ សូកាន បានមានប្រសាសន៍ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណលើកទី២ និងខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា១៩៩២-២០២២ និងក្នុងគោល បំណងរម្លឹកពីគុណូបការៈ ដ៏ឧត្តុងឧត្ដមរបស់សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងថ្នាក់ ដឹកនាំដទៃទៀតដែលបានលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ព្រមទាំងធនធានក្នុងការផ្តួចផ្តើម និង បង្កើតសហព័ន្ធចាប់តាំងពីឆ្នាំ១៩៩២ នាពេលនោះមាន សម្តេចវិបុលបញ្ញា សុខ អាន ជា ប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស។ សម្តេចទាំង២ និងអតីតថ្នាក់ដឹកនាំដទៃទៀតបាន ត្រួសត្រាយផ្លូវសម្រាប់ សហព័ន្ធបន្តលូតលាស់មកដល់បច្ចុប្បន្ន និងទទួលបានការគាំទ ការកោតសរសើរពីសាធារណជនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក។


លោកប្រធានបានបន្តថា សមិទ្ធផលរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជារយៈពេល ៣០ឆ្នាំ កន្លងមកនេះ សហព័ន្ធបានទទួលមេដាយកម្រិតអន្តរជាតិ សរុប ៣៩៤គ្រឿង មាស ១១៦ ប្រាក់ ១៣៨ និងសំរឹទ្ធិ ១៤០) ។ លើសពីនេះ សហព័ន្ធបានពង្រឹង និងពង្រីកការបណ្ដុះបណ្តាលធនធានមនុស្ស ទាំងថ្នាល យុវជន យុវនារី និងឈុតធំបុរស នារី គ្រូបង្វឹក អាជ្ញាកណ្ដាល និងមន្ត្រីរបស់សហព័ន្ធទាំងកម្រិតជាតិ និងអន្តរជាតិ៕

ដោយ៖លី ភីលីព

To Top