កីឡា

បើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ឆ្នាំ ២០២៣ អបអរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាជ័យជំនះ ៧មករា

កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី លើកទឹកចិត្តឱ្យយុវជនគ្រប់រូប បង្វែរចិត្តគំនិតលេង កីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាព ។


លោកស្រីអភិបាលរងខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅកីឡាដ្ឋាន ក្នុងក្រុងកំពង់ចាម ។

លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការប្រកួតកីឡាដ៏មានតម្លៃនេះ សូមឱ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។

ជាមួយគ្នានោះដែរ លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំហ្វឹកហាត់ បច្ចេកទេស បន្ថែមទៀត ដោយឈរលើកត្ដាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុតនៅពេល ប្រកួតជៀសវាងកុំឱ្យមានភាព ខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈដែលគណៈកម្មការបច្ចេកទេស បានណែនាំមុនពេល ប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ ជានិច្ច ទោះក្នុងកាលៈទេសៈបែបណា ក៏ដោយ។

លោកស្រី ប៉ាង ដានី បានយកឱកាសនោះ ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តស្រឡាញ់ វិស័យកីឡាពីសំណាក់ លោក លោកស្រី ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង តាំងពីកម្លាំងកាយចិត្ត ស្មារតី សម្ភារ និងថវិកាសម្រាប់ ផ្គត់ផ្គង់ដល់វិស័យនេះ ហើយក៏សូមកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល ដែលបាននាំគ្នាគាំទ្រ និងលើកស្ទួយដល់វិស័យកីឡា និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយក ជ័យជម្នះជូនមន្ទីរ-អង្គភាព របស់ខ្លួន និងបាន ក្លាយខ្លួនទៅជាកីឡាករ កីឡាការិនី ឆ្នើម សម្រាប់ទៅចូលរួមប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ីហ្គេមឆ្នាំ២០២៣ នេះផងដែរ ។

To Top