កីឡា

គណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ បន្តផ្សព្វផ្សាយ ការហាមឃាត់ និងចែកចាយបារី អេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានបន្តផ្សព្វផ្សាយសេចក្ដីណែនាំ ការហាមឃាត់ ការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទៅដល់អគ្គលេខាធិការ និងប្រធានគណៈកម្មការជំនាញ នៃគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ សហព័ន្ធកីឡាទាំងអស់ និង សាធារណជនទូទៅ។

នាឱកាស គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានបញ្ជាក់ចំណុចសំខាន់ៗ៣ ត្រូវទទួលអនុវត្ត រួមមាន៖ ហាមឃាត់ការប្រើប្រាស់ ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅ ហូបចុករបស់ប្រតិភូកីឡា, ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅ ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា, មិនទទួលការ ឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ។

ប្រភពដដែលបន្ដថា កីឡាគ្មានថ្នាំជក់នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន៖ ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឲ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានិភ័យនៃអគ្គិភ័យ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ប្រកួតកីឡា អាស៊ីអគ្នេយ៍លើកទី២២ ជាព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអគ្នេយ៍គ្មានថ្នាំជក់ លើកដំបូង ដែលប្រារព្ធឡើង នៅឆ្នាំ២០០៣ ហើយការប្រកួតកីឡា អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀត ក៏បានអនុវត្តតាមគោលការណ៍ កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជា ម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡា “FIFA” ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភក្នុងការប្រកួតទាំងមូល។

គួរបញ្ជាក់ថា នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ រួមមាន ៖ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល, ជំងឺស្ទះសរសៃឈាមបេះដូង, ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម, ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ៕

To Top