កីឡា

រដ្ឋមន្ត្រីព័ត៌មាន យល់ថា អ្នកប្រដាល់ប្រេស៊ីល Thiago គួរត្រូវបានការលើកទឹកចិត្ត ពីពលរដ្ឋខ្មែរ តាមរយៈការផ្តល់ថវិកា

ភ្នំពេញ ៖ រឿងរ៉ាវពាក់ព័ន្ធនឹងកីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira ដែលបានចេញទៅប្រកួតតំណាងគុនខ្មែរ រហូតទទួលបានជ័យជំនះ និងទទួលខ្សែក្រវាត់ WMO ដែលការណ៍នេះ ធ្វើឲ្យពលរដ្ឋកម្ពុជាមានការសប្បាយរីករាយជាអនេក ប៉ុន្តែផ្ទុយទៅវិញ ខាងស្ថាប័ន WMO បែរជាមិនពេញចិត្ត ថែមទាំងសម្រេចចិត្តដកហូតខ្សែក្រវាត់ WMO ពីThiago Teixeira និងមិនព្រមផ្តល់ប្រាក់សម្រាប់ការប្រកួតទៅឲ្យកីឡាកររូបនេះទៀត។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ឃើញថា មានទស្សនជាច្រើនបានផ្ទុះឡើង លើបណ្តាញសង្គម ជាហេតុនាំឲ្យមានការរិះគន់ពីពលរដ្ឋកម្ពុជា និងកីឡាករប្រដាល់ជាច្រើន រួមមានកីឡាករប្រដាល់ ឡាវផងដែរ ទៅលើស្ថាប័ន្ធ WMO របស់ថៃ ។ ងាកមករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ វិញបាន ផ្តល់ជាទស្សនទាន លើបណ្តាញសង្គមកាលពីថ្មីៗនេះ ថា “ឃើញគេមិនឲ្យលុយអ្នកប្រដាល់ប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់) សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង” ។

ជាមួយនឹងសារនេះ លោករដ្ឋមន្ត្រី ក៏បានប្រកាស ផ្តល់ថវិកាដល់កីឡាករប្រដាល់ Thiago Teixeira ចំនួន១ពាន់ដុល្លារផងដែរ តាមរយៈសមាគមប្រដាល់គុនខ្មែរ ។

តួយ៉ាងមិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសផ្តល់ថវិកា ២ម៉ឺនដុល្លារដល់កីឡាករប្រដាល់ Thiago Teixeira ព្រមទាំងទូលថ្វាយព្រះមហាក្សត្រផ្តល់សញ្ជាតិឲ្យផងដែរ ដែលនេះបានបង្ហាញថា ថ្នាក់ដឹកនាំកម្ពុជា ក៏បាននិងកំពុងតាមដានចំពោះរឿងរ៉ាវកីឡាករប្រដាល់រូបនេះ។
ក្រោយការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីផ្តល់ប្រាក់លើកទឹកចិត្ត ក៏មានសប្បុរសជនផ្សេងៗទៀតបានផ្តល់ការឧបត្ថម្ភប្រាក់ជាបន្តបន្ទាប់ទៅ Thiago Teixeira។

គួរឲ្យដឹងថា កីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័ន WMOរបស់ថៃ ចេញលិខិតផ្លូវការដកហូតខ្សែក្រវាត់ WMO និងបិទ (Banned) មិនឲ្យប្រកួតគ្រប់ព្រឹត្តិការណ៍ដែលរៀបចំដោយស្ថាប័ន WMOទៀតឡើយ ៕

To Top