ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ។
ការថ្លែងរបស់សម្តេចបែបនេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រតិភូកីឡាកម្ពុជា ត្រៀមនឹងចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋ ប្រជាមានិតចិន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជូនពរដល់កីឡាករ និងកីឡាការិនីទាំងអស់ ទទួលបានជោគជ័យ នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីលើកទី១៩ នេះ ។
សម្តេចធិបតី បានបញ្ជាក់ថា ជំនួបបែបនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ និងកីឡាការិនី រហូតក្លាយជាប្រពៃណី និងទម្លាប់ ដែលត្រូវបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនដោយ សម្តេចតេជោ និងបានបន្តដល់បច្ចុប្បន្ន ហើយក៏នឹងត្រូវបន្តអនុវត្តទៅមុខទៀតផងដែរ ព្រោះថាកីឡាករ និងកីឡាការិនីគ្រប់រូប ដែលចេញទៅប្រកួត គឺប្រកួតដើម្បីជាតិ និងមាតុភូមិរបស់យើង ។
សម្តេចធិបតី បានគូសបញ្ជាក់ថា “កីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតី នៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុត ក្នុងការលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីគ្រប់ៗរូប” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន រំលឹកអំពីមោទនកភាពជាតិ ដែលជាភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា ផ្តើមចេញពីក្រុមកីឡាករ និងកីឡាការិនី អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូ កីឡាបរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំ ដ៏ល្អអំពីកម្ពុជា ។
ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា៖
១) ការយកចិត្តទុកដាក់ខ្ពស់ ចំពោះការរៀបចំរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំង តាមរយៈស្តង់ដារនៃការប្រកួត, ពិធីបើក, ពិធីបិទ, ហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួមទាំងអ្នកស្ម័គ្រចិត្តផងដែរ
២) ការខិតខំប្រឹងប្រែងរបស់កីឡាករ និងកីឡាការិនីផ្ទាល់ បានធ្វើឱ្យកម្ពុជា ទទួលបានមេដាយ សរុបចំនួន ២៨២ គ្រឿង ដែលនេះពិតជាមានអត្ថន័យធំធេងណាស់ សម្រាប់ជាតិ ប្រៀបធៀបនឹងមេដាយ ដែលកម្ពុជាធ្លាប់ទទួលបាន ក្នុងអតីតកាល ហើយក៏បានបញ្ជាក់ អំពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់កីឡាករ និងកីឡាការិនី ប្រកបដោយសមត្ថភាព, ភាពជឿជាក់ និងការចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់
៣) កត្តាអំណោយផល ដែលទទួលបានពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ
៤) កត្តាថ្នាក់ដឹកនាំ ជាពិសេសការដឹកនាំរបស់ សម្តេចតេជោ ដែលមានចក្ខុវ័យវែងឆ្ងាយ និងការត្រៀមលក្ខណៈល្អប្រសើរ រួមទាំងការពុះពារគ្រប់ឧបសគ្គ ក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩
៥) ការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ។
បន្ថែមលើនេះ សម្តេចធិបតី ក៏បានផ្តាំផ្ញើ នូវអនុសាសន៍មួយចំនួន ជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ សម្រាប់ការត្រៀមលក្ខណៈ ប្រកួតនាពេលខាងមុខ រួមមាន៖
១) បន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ
២) ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា
៣)ចៀសវាងដាច់ខាត នូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា
៤) រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»
និង៥) បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ៕