កីឡា

ការប្រកួតកីឡា អាស៊ីក្រុងហាងចូវ បានរឹតបន្តឹងចំណង មហាគ្រួសារអាស៊ី

«បេះដូងតភ្ជាប់គ្នា ក្តីស្រឡាញ់ឆ្ពោះទៅអនាគត» នេះជាពាក្យស្លោក នៃការប្រកួតកីឡាអាស៊ីលើកទី ១៩ នៅក្រុង ហាងចូវ ប្រទេសចិន ។ នេះក៏ជាលើកដំបូង ដែលមហាគ្រួសារអាស៊ី បានជួបជុំគ្នាម្តងទៀត ដោយក្តីរំភើបរីករាយ បន្ទាប់ពីការផ្ទុះរាលដាលជំងឺកូវីដ-១៩មក ពោលគឺប្រកបដោយអត្ថន័យ ដ៏ជ្រាលជ្រៅសម្រាប់ការរឹតចំណង សាមគ្គីភាពនៃទ្វីបអាស៊ី ។

អាស៊ីជាមហាទ្វីបមួយ ដែលមានផ្ទៃដីធំបំផុត និងចំនួនប្រជាជនច្រើនជាងគេក្នុងចំណោមមហាទ្វីបទាំង ៧ លើពិភពលោក ។ វប្បធម៌និងអរិយធម៌ ដ៏សម្បូរបែបនៃទ្វីបអាស៊ី ជាគ្រាប់គជ់ដ៏ភ្លឺចិញ្ចាច ដែលចែងចាំងនៅលើប្រឹថពី ។ ទោះបីជាមានវប្បធម៌និងអរិយធម៌ទីទៃគ្នាយ៉ាងណាក្តី តែបណ្តាប្រទេស និងតំបន់ក្នុងទ្វីបអាស៊ី តែងខិតខំស្វែងរកវិធីសាស្ត្រ សម្រាប់បង្កើនការយល់ដឹងពីគ្នា ដើម្បីឈានដល់ការរួមរស់ជាមួយគ្នា ដោយសុខដុមរមនា ។

ក្នុងនោះ កីឡាជាស្ពាន មិត្តភាព ដ៏សំខាន់ដែលបានតភ្ជាប់ដួងចិត្ត របស់ប្រជាជននៃប្រទេសនានា ពិសេសបានប្រមូលផ្តុំអត្តពលិក គ្រប់ជាតិសាសន៍ ឱ្យមកជួបជុំគ្នា ធ្វើការផ្តាស់ប្តូរបទពិសោធ និងប្រកួតគ្នាក្រោមបរិយាកាស ប្រកបដោយសុខសន្តិភាព និងភាពសប្បាយរីករាយ ដោយមិននិយាយពីរឿង នយោបាយ មិននិយាយពីរឿងជម្លោះ ពោលគឺមានគោលបំណងរួមតែមួយគត់ គឺបង្កើនសាមគ្គីភាពនិងភាតរភាព ។

ម៉្លោះហើយ គេសង្កេតឃើញថា ក្នុងការប្រកួតកីឡាអាស៊ីលើកនេះ មានវត្តមាននៃប្រតិភូកីឡា មកពីប្រទេសនិងតំបន់ស្ទើរទាំងអស់នៃទ្វីបអាស៊ី និងមានចំនួនអត្តពលិកលើសពី១២០០០ នាក់ដែលជាកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងនោះ ប្រទេសមួយចំនួន ដែលទទួលបានការចាប់អារម្មណ៍ ដូចជាប្រទេសកូរ៉េខាងជើង ដែលកម្រនឹងបង្ហាញមុខក្នុងសកម្មភាព អន្តរជាតិ បានចាត់បញ្ជូនអត្តពលិកចំនួន ១៩១ នាក់ឱ្យចូលរួមការប្រកួត ។ ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិនយោបាយ ដែលស្ថិតក្រោមការគ្រប់គ្រង នៃរបបយោធា បានចាត់បញ្ជូន អត្តពលិកចំនួន ១៧៣ នាក់ឱ្យចូលរួមការប្រកួត ។ ងាកមកមើលប្រទេសអាហ្វហ្កានីស្ថាន និងប្រទេសស៊ីរី ដែលត្រូវញ៉ាំញី ដោយសង្គ្រាម អស់រយៈពេលជាយូរឆ្នាំ ក៏បានចាត់បញ្ជូនអត្តពលិកជាច្រើននាក់ឱ្យចូលរួមការប្រកួតផងដែរ ។ ក្នុងនោះ ប្រទេសអាហ្វហ្កានីស្ថានមានចំនួន ១៣៣ នាក់ ឯស៊ីរីមានចំនួន ៦០ នាក់ ។

វត្តមានរបស់ប្រតិភូកីឡា នៃប្រទេសដែលកំពុងស្ថិតមាន វិបត្តិឬសង្គ្រាម បានបង្ហាញពីក្តីប្រាថ្នាចង់ បានសុខសន្តិភាពនិងមិត្តភាព របស់ប្រជាជន នៃប្រទេសនានា ជាពិសេសនិយាយ ចំពោះប្រទេសស៊ីរីដែលកំពុងបន្តស្ថិតក្នុងភ្លើងសង្គ្រាមផងនិងសន្តិភាពផង អត្តពលិកទាំងឡាយ ដែលបានមកចូលរួមការប្រកួតនេះ មិនមែនជារឿងងាយស្រួលទេ ។ យ៉ាងណាមិញ យើងជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំជាតិនិងប្រជាជនស៊ីរី ផ្កាកុលាបក្រុងដាម៉ាស មុខជានឹងរីកស្គុសស្គាយឡើងវិញ នៅទូទាំង ប្រទេសក្រោមដំបូលសន្តិភាព ក្នុងពេលឆាប់ៗជាក់ជាមិនខាន ។

ជាការពិតណាស់ នៅក្នុងទីលានប្រកួតកីឡា គ្មានសង្គ្រាម គ្មានគ្រោះទុរ្ភិក្ស គ្មានការចងគំនុំ គ្មានការជិះជាន់ គ្មាន គំនរបាក់បែក មានតែស្នាមញញឹម ដែលពោរពេញ ដោយការគោរពរាប់អាន និងដៃទាំងគូដ៏កក់ក្តៅ ដែលស្វាគមន៍គ្នាយ៉ាងរាក់ទាក់ ។ សំឡេងទះដៃគាំទ្រលើកទឹកចិត្ត របស់ទស្សនិកជនដែលលាន់ រំពងពេញកីឡដ្ឋាន ជាការបង្ហាញពីទឹកចិត្តស្នេហាកីឡា និងស្នេហាសន្តិភាពរបស់មនុស្សគ្រប់រូប ហើយក៏តំណាងឱ្យក្តីបំណងរួម របស់ប្រជាជនគ្រប់ជាតិសាសន៍ ដែលប្រាថ្នានូវសន្តិភាព និងភាពសុខដុមរមនា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍនិង វិបុលភាពរួមផងដែរ ។

មុនពេលបើកការប្រកួត លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែង ក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីមួយចំនួន និង តំណាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ីថា «ទ្វីបអាស៊ីជាទីប្រភពដ៏សំខាន់ នៃអរិយធម៌របស់មនុស្សជាតិ ដែលបានបង្កើតនូវអរិយធម៌ដ៏ត្រចះត្រចង់ ។ យើងនឹងឆ្លងតាមរយៈភាពបរិយាបន្ន នៃការប្រកួតកីឡា មកបង្កើតជំនឿចិត្តខាងអរិយធម៌ និងប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ដើម្បីចារទំព័រដ៏ត្រចះត្រចង់ថ្មី នៃអរិយធម៌អាស៊ី »។

តាំងពីដើមមក ប្រទេសចិនតែងតែផ្តួចផ្តើមគំនិត ដែលផ្តល់ផលប្រយោជន៍រួមដល់មនុស្សជាតិទាំងមូល តួយ៉ាងដូចជាបច្ចុប្បន្ននេះ មានប្រទេសជាច្រើន ដែលបានរួមដំណើរ ជាមួយប្រទេសចិន ដើម្បីកសាងសហគមន៍រួមជោគវាសនា រវាងគ្នានិងគ្នា សំដៅសម្រេចបាននូវ ការកសាងសហគមន៍រួមជោគវាសនា នៃមនុស្សជាតិនាពេលអនាគត ។ ជាការពិតដែលមិនអាចប្រកែកបាន ពេលស្ថិតនៅចំពោះមុខ វិបត្តិនិងបញ្ហាប្រឈមរួម មានតែការរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការដោយមេត្រីភាពប៉ុណ្ណោះ ទើបអាចផ្លាស់ប្តូរបទពិសោធនិងរៀនសូត្រពីគ្នា ហើយពួតដៃគ្នាដោះស្រាយនូវរាល់បញ្ហាបាន ។ ក្នុងន័យនេះ អាស៊ីដែលជាទីកំណើតនៃវប្បធម៌ទន់ភ្លន់ សុភាពរាបសា ចេះយោគយល់ និងប្រកបដោយបរិយាបន្ន ពិសេសមាន ឈាមជ័រ ជាអ្នកស្នេហាសន្តិភាព នឹង ធ្វើជាគំរូសម្រាប់ទ្វីបដទៃទៀត ក្នុងការស្វែងរកវិធីសាស្ត្រសម្រាប់ឆ្ពោះ ទៅរកការកសាងភពផែនដី ដ៏សុខក្សេមក្សាន្តនិង អនាគតដ៏ល្អបវរជាមួយគ្នា ៕

អត្ថបទដោយ ៖ បុគ្គលិក នៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top