ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ បានបិទបញ្ចប់ដោយគាប់ប្រសើរនៅទីក្រុង Hangzhou នៅយប់ថ្ងៃទី៨ ខែតុលា។ លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួត។
ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ ប្រតិភូកីឡាចិនដណ្តើមបានមេដាយមាសចំនួន ២០១គ្រឿង និងចំនួនមេដាយសរុប៣៨៣គ្រឿង ដោយសម្រេចបាននូវលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្រ្តចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនិងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងមេដាយមាសនៃការប្រកួតកីឡាអាស៊ីជាលើកទី១១។
ថ្លែងក្នុងសុន្ទរកថា លោកGao Zhidan ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី Hangzhou និងជាប្រធានគណៈកម្មាធិការអូឡាំពិកចិនបានលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនបានដាក់ចេញនូវការរំពឹងទុកយ៉ាងទទូចនិងសំណូមពរយ៉ាងច្បាស់លាស់ចំពោះ ការរៀបចំការប្រកួតឱ្យបានជោគជ័យ។ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ យើងបានបំពេញតាមការសន្យាដ៏ម៉ឺងម៉ាត់ស្តីពីការរៀប ចំការប្រកួតកីឡាអាស៊ីមួយលើកប្រកបដោយ “លក្ខណៈពិសេសចិន រចនាបថអាស៊ី និងមានភាពទាក់ទាញច្រើន” ។
លោក Singh ប្រធានស្តីទីនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានថ្លែងថា ការប្រកួតកីឡាអាស៊ីលើកនេះពិតជាអស្ចារ្យណាស់និងមិនអាចបំភ្លេចបាន ដែលទទួលបានភាពជោគជ័យដែលមិនធ្លាប់មានពីមុនមក។ លោកSingh បានប្រកាសបិទការប្រកួតកីឡាអាស៊ីលើកទី១៩នៅទីក្រុង Hangzhou ព្រមទាំងបានថ្លែងសារអញ្ជើញអត្តពលិកនៃបណ្តាប្រទេសទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ នៅក្រុង Nagoya ខេត្តAichi នៃប្រទេសជប៉ុននៅបីឆ្នាំក្រោយ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន