កីឡា

អ្នកប្រដាល់គុនខ្មែរ ផ្តួលអ្នកប្រដាល់គុនថៃ សន្លប់ការប្រកួតកីឡាប្រដាល់អន្តរជាតិគុនខ្មែរប៉ុស្តិ៍លេខ៥ លើសង្វៀន TV5 ព្រែកកំពឹស

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ៣ រូប បានផ្តួលកីឡាករប្រដាល់ថៃឲ្យសន្លប់ និងបោះបង់ការប្រកួតមុនបញ្ចប់ទឹកទី៥ ដូចគ្នា ក្នុងការជួបប្រកួតគ្នាជាលក្ខណ:អន្តរជាតិ ។

អ្នកប្រដាល់គុនខ្មែរ សូត្រ វាសនា មកពីក្លិបបក្សីស្លាបដែកបានផ្តួលកីឡាករប្រដាល់ថៃ Kao A ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ បន្ទាប់ពីសូត្រ វាសនា ទាត់ឲ្យខូចដៃខាងឆ្វេង ហើយអាជ្ញាកណ្តាលសម្រេចបញ្ឈប់លែងឲ្យបន្តការប្រកួតទៀតនៅចុងទឹកទី២នោះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

ចំណែកអ្នកប្រដាល់គុនខ្មែរ ចាន់ សំអាត មកពីក្លិបនាគនាំសំណាងនារាណ៍តេជ្ជ:ក៏បានប្រើកណ្តាប់ដៃ រួមជាមួយជើងទាត់ កែងនិងជង្គង់ ផ្តួលកីឡាករប្រដាល់ថៃ Kamlay Yuok ឲ្យសន្លប់ធំក្នុងទឹកទី៥ ក្រោយសំអាតដាល់មួយដៃចំពេញកណ្តាលមុខបណ្តាលឲ្យដួលសន្លប់លែងក្រោកតែម្តង ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

ចំពោះអ្នកប្រដាល់គុនខ្មែរមួយរូបទៀត គឺអ្នកប្រដាល់ជើងចាស់ ថុល មករា មកពីក្លិបនាយកដ្ឋានអង្គរក្ស បានប្រើពេលតែពីរទឹកប៉ុណ្ណោះ ផ្តួលកីឡាករប្រដាល់ថៃ Shing Khavឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ បន្ទាប់ពីរូបគេបានទាត់ជើងក្រោមរបស់ថៃឲ្យខូចជើងខាងឆ្វេង ដួលក្រោកលែងរួច ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

សម្រាប់ជំនួបប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ កីឡាករ ធន បូរី ក្លិបកងយោធពលខេមរភូមិន្ទ បានយកឈ្នះកីឡាករ ជឿន សុខលីម ក្លិបនាគនាំសំណាងនារាយណ៍តេជៈក្នុងទឹកទី២ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ហើយកីឡាករ រិទ្ធី ដួងឆាយ ក្លឹបSuper Fightគុនខ្មែរប្រកួតស្មើពិន្ទុជាមួយកីឡាករ យ៉ន ពិសី មកពីសមាគមប្រដាល់ក្រសួងមហាផ្ទៃ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕ ដោយ៖លី ភីលីព

To Top