កីឡា

កីឡាការិនី កាំង មុយនីន ឈ្នះមេដាយមាស ខណៈឃឺន ប៊ុនពេជ្រមរកត ឈ្នះមេដាយសំរិទ្ធនៃ 18th ASIAN Finswimming Championships 2023” នៅថៃ

ថៃ ៖ កីឡាការិនីហែលជើងទា កាំង មុយ នីន ដណ្តើមបានមេដាយមាស ខណៈកីឡាការិនីហែលជើងទា ឃឺន ប៊ុនពេជ្រ មរកត ដណ្តើមបានមេដាយសំរិទ្ធ លើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រនារីនៃព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជើងទាជើងឯក ASIAN លើកទី១៨ ឆ្នាំ២០២៣ “ 18th ASIAN Finswimming Championships 2023” នៅប្រទេសថៃ ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ពីថៃថា ការប្រកួតលើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រនារី កីឡាការិនីហែលទឹកកម្ពុជា២រូប បានល្អប្រសើរ ដោយពួកគេដណ្តើមមេដាយដូចគ្នា គឺកីឡាការិនីហែលជើងទា កាំង មុយ នីន ដណ្តើមបានមេដាយមាស និងកីឡាការិនីហែលជើងទាឃឺន ប៊ុនពេជ្រ មរកត ដណ្តើមបានមេដាយសំរិទ្ធ ។

លោកបានបន្តថា ការចេញទៅចូលរួមប្រកួតនេះ ដោយទទួលបានការអនុញ្ញាតពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាហែលទឹកបានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី FIN Swimming ចំនួន៥នាក់ទៅចូលរួមការប្រកួត 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់ Association of Thailand Underwater Sports ប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ២៤ ដល់ ថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ ខេត្ត ភូកេត នៃ ព្រះរាជាណាចក្រ ថៃ ។

ចំពោះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីរួមមាន ៖ អ្នកគ្រូបង្វឹក ហែមថុន វិទិនី កីឡាការិនី កាំង មុយ នីន កីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត កីឡាករ ទួន ទិត្យ សត្យា និងកីឡាករ លឹម សុខ វឌ្ឍន៍នន្ទ ។ អបអរសាទរកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ជម្រើសជាតិហែលទឹក ជើងទាកម្ពុជា និងជាម្ចាស់មេដាយ សំរឹទ្ធ២គ្រឿង នៃការប្រកួតSEA GAME លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។

លោកអគ្គបានបន្តថា កាលពីយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គី អបអរសាទរជោគជ័យ នៃការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games – ASEAN Para Games 2023 នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានលើកទឹកចិត្ត ដល់អត្តពលិកកម្ពុជាទាំងអស់ ទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡា SEA Games – ASEAN Para មានឈ្មោះប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២២-២០២៣ ជាប់ដោយស្វ័យប្រវត្តិ ៕
ដោយ៖លី ភីលីព

To Top