កីឡា

ទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង អង្គរវត្តលើកទី២៨ មានអ្នកចូលរួម សរុបចំនួន ១០,១៥៤ នាក់

ខេត្តសៀមរាប ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ ក្នុងទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ ឆ្នាំ២០២៣ មុខប្រាសាទ អង្គរវត្ត ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា យើងខ្ញុំសូមចូលរួមអបអរសាទរ ដល់ខួបអនុស្សាវរីយ៍លើកទី៧០ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងខួបលើកទី២៨ នៃកិច្ចសហការ រវាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអង្គការបេះដូងមាស ។

លោកបណ្ឌិត បានបន្តថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៨ ឆ្នាំ២០២៣ នេះបានស្រូបទាញ អ្នកចូលរួមសរុបចំនួន ១០,១៥៤ នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន ៦,៥០០នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៦៥៤នាក់ មកពី ៧៨ប្រទេស ដោយមានការកើនឡើង ៤០ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលប្រទេសចូលរួមច្រើន ជាងគេ ។

សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀត ដើម្បីមនុស្សធម៌ និងរត់ដើម្បី ជនរងគ្រោះដោយសារមីន។ ជាទីបញ្ចប់ សូម អត្តពលិកជាតិ និងអន្តរជាតិ រត់ឱ្យបានសប្បាយរីករាយ ឈ្នះ ឈ្នះ ទាំងអស់គ្នាប្រកប ដោយសុខសុវត្ថិភាព ៕

To Top