បរទេស៖ កីឡាករបាល់ទាត់ ប្រេស៊ីល ដែលចូលនិវត្តន៍ លោក Dani Alves ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំកន្លះ ដោយតុលាការអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភនារីម្នាក់ នៅក្នុងក្លឹបរាត្រី Barcelona ក្នុងឆ្នាំ ២០២២ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតកីឡាកររបស់ក្លឹប Barcelona វ័យ៤០ឆ្នាំរូបនេះ ត្រូវបានតុលាការកំពូល របស់ទីក្រុង កាតាឡូញ៉ា រកឃើញថា មានកំហុស ចំពោះការវាយប្រហារ ដែលបានកើតឡើង នៅក្នុងបន្ទប់ទឹក នៃក្លឹបរាត្រីដ៏ធំមួយក្នុងទីក្រុង។ Alves ក៏ត្រូវបានតុលាការ បង្គាប់ឱ្យបង់ប្រាក់ ចំនួន ១៦៣.០០០ដុល្លារ ជាសំណង ដល់ជនរងគ្រោះផងដែរ។
តុលាការបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការកាត់ទោស ពិចារណាថា វាត្រូវបានបង្ហាញថា ជនរងគ្រោះមិនបានយល់ព្រមទេ ហើយថា មានភស្តុតាងបន្ថែមពីលើសក្ខីកម្ម របស់ដើមបណ្តឹង ដើម្បីពិចារណាលើការ រំលោភដែលបានបង្ហាញ» ។
ដើមចោទមានអាយុ ២៣ឆ្នាំ ដែលរក្សាភាពអនាមិករបស់នាងពេញមួយការកាត់ក្តី បាននិយាយថា អតីតកីឡាករបាល់ទាត់ Alves បានបង្ខំនាងដោយហិង្សានៅក្នុងបន្ទប់ទឹកឯកជននៃក្លឹបរាត្រី Sutton នៅកណ្តាលទីក្រុង Barcelona ។
រដ្ឋអាជ្ញាបាននិយាយក្នុងអំឡុង ពេលសវនាការបីថ្ងៃថា ដើមចោទគឺ នាងបាននិយាយថា អតីតកីឡាករ Alves បដិសេធដោះលែងនាង ទោះបីជានាងសុំឱ្យ គាត់ធ្វើដូច្នេះក៏ដោយ ធ្វើឱ្យនាងមាន “ការឈឺចាប់ និងភ័យរន្ធត់” យ៉ាងខ្លាំង ។
Alves បាននិយាយថា ដំបូងឡើយ គាត់បាន បដិសេធមិនទាក់ទងគ្នា ជាមួយដើមចោទនោះទេ មុនពេលដែលក្រោយ មកគាត់បាននិយាយថា គាត់បានជួបនាង នៅក្នុងបន្ទប់ទឹកក្លឹបរាត្រី ប៉ុន្តែមិនមានទំនាក់ទំនងផ្លូវភេទ បានកើតឡើងនោះទេ។ ក្រោយមកគាត់បានផ្លាស់ប្តូរម្តងទៀត ដោយនិយាយថា អ្នកទាំងពីរបានរួមភេទ ដោយព្រមព្រៀងគ្នាហើយ “ទាំងពីរនាក់បានសប្បាយ រីករាយរៀងខ្លួន” ៕
ប្រែសម្រួលៈ ណៃ តុលា