ភ្នំពេញ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៣/២០២៤ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមបាលទាត់ភ្នំពេញក្រោនក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិ អូឡាំពិក នៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ អូឡាំពិកកកម្ពុជា ។

ការប្រកួតចាញ់ របស់ក្រុមបាលទាត់ភ្នំពេញក្រោនខាងលើកនេះ ធ្វើឲ្យក្រុមបាល់ទាត់ភ្នំពេញក្រោន ទទួលបានចំណាត់ថ្នាក់ ក្រុមជើងឯករង ខណៈក្រុមការពារតំណែងជើងឯកវិសាខា ទទួលបានចំណាត់ ថ្នាក់លេខ ៣ ចំពោះការប្រកួតជាមួយ ក្រុមបាល់ទាត់បឹងកេត ដោយក្រុមទាំង ២ បានបញ្ចប់ដោយលទ្ធផល ៩០នាទីស្មើគ្នា ០-០។ ឈានចូលដល់វគ្គបាល់ប៉េណាល់ ១១ ម៉ែត្រ កាត់សេចក្ដី វិសាខាបានទទួលបានជ័យជម្នះ ដោយលទ្ធផលបាល់ប៉េណាល់ទី ៤ទល់នឹង ៣ ។

កីឡាករ Marcus Warren Harber បានក្លាយជាវិរបុរស របស់ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោយពីកីឡាកររូបនេះ បានស៊ុតបំប៉ោងសំណាញ់ ក្រុមបាល់ទាត់ភ្នំពេញក្រោន ក៏ជាគ្រាប់បាល់ជ័យជម្នះ របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេច នៅនាទីទី១០៩ នៃម៉ោងបន្ថែម ១៥ នាទី ២ ដង និងរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួត ៕


