ភ្នំពេញ៖ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានចូលរួមពិធីបើកព្រឹត្តការណ៍ប្រណាំងរថយន្ត 0ff-Road The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ និងជួបសម្តែងការគួរសមជាមួយលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ដើម្បីជំរុញវិស័យកីឡាយានយាន្តរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។ ជំនួបខាងលើធ្វើក្រោយបញ្ចប់ពិធី បើកការប្រណាំងកម្រិតអន្តរជាតិ នាព្រឹកថ្ងៃទី៣០ ខែមិថុនា នៅទីលាន Grand Prix Motor Park ។
ក្នុងជំនួបខាងលើនេះ ត្រូវបានលោក ទៀ ស្យាម អះអាងថាធ្វើឡើងក្នុងគោលបំណង រិតចំណងសាមគ្គីភាព និងសហការចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត ក្នុងតំបន់អោយកាន់តែរីកចម្រើនមួយកម្រិតថែមទៀត រវាងប្រទេសទាំង២ លើវិស័យកីឡា Off-Road និងវិស័យទេសចរណ៍។
លោកបានបន្ថែមថា ក្រៅពីបង្កើនកិច្ចសហការ ក៏ផ្តោតសំខាន់លើការអភិវឌ្ឍកីឡា Off-Road តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស ការបណ្តុះបណ្តាល និងរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិរួមគ្នា ដើម្បីជំរុញវិស័យកីឡាមួយនេះអោយកាន់តែរីកចំរើនបន្ថែម។
ជាមួយគ្នានេះលោក អាក់ណូថៃ អៀមឡាំណាវ អនុប្រធានសមាគមកីឡា Off-Road ប្រទេសថៃ ក៏បានស្នើសុំមកកាន់សហព័ន្ធយានយន្តកម្ពុជា ដើម្បីបង្កើនកិច្ចសហការគ្នា រៀបចំ Tour Off-Road កម្ពុជា-ថៃ ប្រចាំឆ្នាំ និងការប្រណាំងផងដែរ។
ជាការឆ្លើយតប លោក ទៀ ស្យាម ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការលើកឡើង លើការបង្កើតព្រឹត្តការណ៍រួមគ្នា ក្នុងទិសដៅបន្តជំរុញកីឡា Off-Road នៅកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព ក្លាយជាប្រភេទកីឡាដ៏ទាក់ទាញ និងមានសក្កានុពល។
គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត The Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី មាន៥ប្រទេសចូលរួម មានប្រទេសថៃម្ចាស់ផ្ទះ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ។ ក្នុងនោះមានកីឡា Off-Road , Rally ៕






