បរទេស៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បាល់ទាត់ Euro 2024 ត្រូវបានកំណត់ ហើយក្រុមប្រទេសអេស្ប៉ាញ គឺជាក្រុមដែលគេរំពឹងថានឹងឈ្នះនៅក្នុងជំនួបជាមួយអង់គ្លេសនៅថ្ងៃអាទិត្យនេះ។ កីឡាករអេស្បាញបានក្លាយ ជាក្រុមដែលរំពឹងឈ្នះ បន្ទាប់ពីបានយកឈ្នះអាល្លឺម៉ង់ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ហើយនៅតែជាក្រុមដែលរំពឹង ឈ្នះពានដដែល បន្ទាប់ពីយកឈ្នះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
យោងតាមគេហទំព័រ New York Times ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អង់គ្លេសជាក្រុមដែលគេពេញចិត្ត ពេលវគ្គជម្រុះចាប់ផ្តើម។ ក្រុមតោកំណាចអង់គ្លេស មានផ្លូវលំបាកតិចជាងមុន ទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែអង់គ្លេស ធ្វើបានក្រោយពីផ្តួលក្រុមហូឡង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ។
នៅវគ្គផ្តាច់ព្រ័ត្រក្នុងការ ប្រកួតបាល់ទាត់ Euro 2024នេះដែរ New York Times ផ្សាយថា អេស្ប៉ាញនឹងក្លាយជា ប្រទេសដែលមានជើងឯកទ្វីបអឺរ៉ុបច្រើនជាងគេ។ អេស្ប៉ាញ និងអាល្លឺម៉ង់ ទាំងពីរបានឈ្នះជើងឯកបីដងដូចគ្នា។ ការឈ្នះលើកមុនៗរបស់អេស្ប៉ាញកើតមានក្នុងឆ្នាំ ១៩៦៤ (ជាម្ចាស់ផ្ទះ) ឆ្នាំ ២០០៨ និង នៅឆ្នាំ២០១២។
ចំណែកក្រុមអង់គ្លេស គឺមិន ដែលឈ្នះពាននៅ Euros នោះទេ ប៉ុន្តែអង់គ្លេស លើកនេះគឺកំពុងតែបង្ហាញ ខ្លួនជាលើកទីពីរជាប់គ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កាលពីបីឆ្នាំមុន អង់គ្លេសបានចាញ់អ៊ីតាលីដោយបាល់ប៉េណាល់ទី នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍។
អេស្ប៉ាញបានឆ្លងផុតវគ្គចែកពូលជាមួយនឹងជ័យជំនះបីលើក ដែលជាក្រុមតែមួយគត់ក្នុងការប្រកួតនេះ។ ការឈ្នះក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយអាល្លឺម៉ង់ត្រូវការម៉ោងបន្ថែម ប៉ុន្តែអេស្ប៉ាញយកឈ្នះហ្សកហ្ស៊ី និងបារាំង មានភាពជឿជាក់ជាងមុន។ នៅក្នុងការប្រកួតឆ្នាំនេះ អេស្បាញគឺជាក្រុមមួយក្នុងចំណោមក្រុមដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងការទស្សនា ហើយវាងាយស្រួលក្នុងការជជែកវែកញែកថា អេស្បាញមើលទៅដូចជាក្រុមល្អបំផុតតាំងពីដើមប្រកួតមក៕
ប្រែសម្រួលៈ ណៃ តុលា