កីឡា

ប្រធានាធិបតីស៊ែប៊ីថា បុរសវាយដំស្ត្រីនៅអូឡាំពិកគឺជា រឿងដែល”ឆ្កួតឡប់” ខណៈលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលីថា អត្តពលិកដែលមានលក្ខណៈហ្សែនរបស់បុរស មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតជាស្ត្រី

បរទេស៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បាននិយាយថា “ភាពឆ្កួតៗគ្រប់គ្រងពិភពលោក” ក្នុងការឆ្លើយតបទៅនឹងអត្តពលិកកែភេទ បានយកឈ្នះលើនារីម្នាក់ក្នុងការប្រកួតប្រដាល់នៅកីឡាអូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកប្រដាល់អ៊ីតាលី Angela Carini បានជួបប្រកួតជាមួយកីឡាករអាល់ហ្សេរី Imane Khelif ក្នុងប្រភេទទម្ងន់ welterweight ប៉ុន្តែបានលាលែងពីការប្រកួតបន្ទាប់ពីប្រកួតបានត្រឹមតែ ៤៦វិនាទីប៉ុណ្ណោះ។ បន្ទាប់ពីទទួលការវាយជាបន្តបន្ទាប់ពីគូប្រជែងអាល់ហ្សេរី (Imane Khelif) ដែលត្រូវបានរារាំងកាលពីឆ្នាំមុនពីការប្រកួតជើងឯកពិភពលោកបន្ទាប់ពីការបរាជ័យក្នុងការធ្វើតេស្តសិទ្ធិភេទ, កីឡាករវ័យ ២៥ឆ្នាំមកពីទីក្រុង Naples បានបង្ខំចិត្តចុះចាញ់ការប្រកួតដោយនិយាយថា “នេះអយុត្តិធម៌ណាស់!”

Carini បាននិយាយថា នាងរងការវាយប្រហារខ្លាំងជាងពេលដែលនាងធ្លាប់មាន ហើយខ្លាចបែកច្រមុះ។ យ៉ាងណាក៏ដោយ ការប្រកួតនេះបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅទូទាំងពិភពលោក ដោយប្រធានាធិបតីស៊ែប៊ីបានបរិហារការប្រកួតដែល “បុរសជីវសាស្ត្រ ឬបុរសកែភេទ” ត្រូវបានអនុញ្ញាតឱ្យប្រកួតជាមួយស្ត្រី។

ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយថា ការប្រយុទ្ធ “ហាក់ដូចជាមិនស្មើភាពគ្នា” ដោយបន្ថែមថា “អត្តពលិកដែលមានលក្ខណៈហ្សែនរបស់បុរស មិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតជាស្ត្រី” នោះទេ។

អ្នកប្រដាល់អូស្ត្រាលីដើមកំណើតរុស្ស៊ី Konstantin Tszyu ដែលជាអតីតម្ចាស់ជើងឯកទម្ងន់ស្រាលពិភពលោកក៏បានថ្កោលទោសចំពោះការត្រួតពិនិត្យរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រាប់ Khelif ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top